ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលចាប់ខ្លួនជនសង្ស័យម្នាក់ករណី លួចមានស្ថានទម្ងន់ទោសនៅក្រុងតាខ្មៅ

កណ្ដាលៈ នគរបាលក្រុងតាខ្មៅ ធ្វើការចាប់ខ្លួនជនសង្ស័យម្នាក់ករណីលួចមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋយកលុយអស់ជាង៣០០០ដុល្លារកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទី ស្ថិតក្នុងភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ ភឹម គីណាន់ ភេទ​ប្រុស អាយុ២៣ឆ្នាំ មុខរបរ ដើររើសអេតចាយ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិដើមមៀន សង្តាត់ដើមមៀន ក្រុងតាខ្មៅ ។ ចំណែកជនរងឈ្មោះ ផាន់ នី ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិ/សង្កាត់កើតហេតុ មុខរបរ គ្រូបង្រៀន។ ដោយឡែកវត្ថុតាងចាប់យកមាន៖ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ធុនសេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1V 8913 និងសម្ភារៈបាត់បង់មាន៖ លុយដុល្លារចំនួន3300 និងលុយរៀលចំនួន20ម៉ឺនរៀល ។
ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុ ជនរងគ្រោះ និងក្រុមគ្រួសារបាននាំគ្នាចេញពីផ្ទះទៅប្រកបររកស៊ីរៀងខ្លួនអស់ទៅ ដោយបានចាក់សោរផ្ទះបានយ៉ាងត្រឹមត្រូវផងដែរ ។ លុះមកដល់វេលាកើតហេតុខាងលើ ក៏នាំគ្នាត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញមានស្នាមគាស់ចំរឹងបង្អួច និងទូរឈើ ព្រមទាំងបាត់បង់សំភារៈដូចបានរៀបរាប់ខាងលើ ភ្លាមនោះក៏មកដាក់ពាក្យបណ្ដឹង ប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំតែម្តង។ ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា រហូតឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពគាស់ផ្ទះ របស់ជនរងគ្រោះប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕