ព័ត៌មានក្នុងប្រទេស

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីចុះពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅស្រុកកំចាយមារ

ព្រៃវែង ៖ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ នៅអនុវិទ្យាល័យសម្ដេចឪ បានរៀបចំពិធីពិនិត្យព្យាបាលជម្ងឺដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានការអញ្ជើញចូលរួមពីបងប្អូនប្រជាពលរដ្ឋ ៧,០០០នាក់ ដែលស្ថិតនៅឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

ថ្លៃនៅក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានកោតសរសើរចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលតែងតែលះបង់គ្រប់យ៉ាងដើម្បីចុះពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ នៅស្រុកកំចាយមារ ក្នុងខេត្តព្រៃវែង នាពេលនេះ។

សម្ដេចក្រឡាហោមក៏បានបន្តទៀតថា ៖ សុខភាពជាបញ្ហាចម្បងជាងគេក្នុងជីវិតមនុស្សដើម្បីអភិវឌ្ឍប្រទេសឲ្យបានជឿនលឿនគប្បីត្រូវយកចិត្តទុកដាក់ថែទាំសុខភាពប្រជាពលរដ្ឋឲ្យបានល្អ បើមិនដូច្នេះទេនឹងគ្មានធនធានមនុស្សប្រើប្រាស់ហើយបន្ទុកហិរញ្ញវត្ថុ និងធ្លាក់លើរដ្ឋកាន់តែធ្ងន់ក្នុងការចំណាយដូច្នេះហើយបានជារាជរដ្ឋាភិបាលបានដាក់បញ្ចូលការកែទម្រង់ការពង្រឹង ការពង្រីក ការផ្ដល់សេវាសុខភាពប្រកបដោយប្រសិទ្ធភាព និងទាន់ពេលនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ ដើម្បីបន្តអនុវត្ត។ ជាលទ្ធផលវិស័យសុខាភិបាលបានកាន់តែរីកចម្រើនកាន់តែប្រសើរដោយមានទាំងប្រព័ន្ធសុខាភិបាលរដ្ឋ ឯកជន អង្គការមនុស្សធម៌ និងក្រុមការងារផ្សេងៗរួមគិត រួមធ្វើ រួមទទួលខុសត្រូវ ជាមួយគ្នាដើម្បីសុខភាពរាស្ត្រសុខមាលភាពសង្គមទាំងមូល ប៉ុន្តែទោះបីជាយ៉ាងណាសូមចាំពាក្យស្លោកខ្មែរពោលថា(ការពារប្រសើរជាងព្យាបាល) ពោលគឺត្រូវថែទាំសុខភាពដោយខ្លួនឯងដោយប្រកាន់ខ្ជាប់នូវបរិស្ថានអនាម័យ ដេកស្អាត ហូបស្អាត រស់នៅស្អាត។

ចំពោះបញ្ហា និងមេរោគខូវីដ១៩ នេះផងដែរ សម្ដេចក៏សូមអំពាវនាវដល់លោកយាយលោកតា បងប្អូន កូនក្មួយ ទាំងអស់បន្តប្រុងប្រយ័ត្ន និងអប់រំកូនចៅបន្តការពារជាពិសេសដោយថ្មីៗនេះមានសេចក្តីអំពាវនាវពីក្រសួងសុខាភិបាលស្នើសុំកិច្ចសហការពីអាជ្ញាធរដែនដី សូមឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក៏គប្បីបន្តសហការជាមួយខាងសុខាភិបាល ដើម្បីផ្សព្វផ្សាយអំពីវិធានការ ការងារ និងព្យាបាលតាមគ្រប់យន្តការ និងគ្រប់រូបភាពតាមដែលអាចធ្វើទៅបាន យើងមិនគួរធ្វេសប្រហែស និងមិនប្រុងប្រយ័ត្ននោះឡើយបើទោះបីមិនទាន់មានប្រជាពលរដ្ឋកម្ពុជាយើងកើតនូវមេរោគនេះក្តី។

សូមបញ្ជាក់ផងដែរថាចាប់ពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០២0 នេះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានចុះពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃជូនប្រជាជនចំនួន ១៨ លើកស្មើនឹងប្រជាពលរដ្ឋចំនួន ៤៣,៥១៩ នាក់មកហើយ៕