សកម្មភាពថ្នាក់ដឹកនាំក្រសួងមហាផ្ទៃព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

កិច្ចជំនួបទ្វេភាគីរវាង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្ដម ឡេ គ្វីវឿង អនុរដ្ឋមន្រ្តីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងមហាផ្ទៃ មានកិច្ចជំនួបទ្វេភាគីរវាង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ឡេ គ្វីវឿង អនុរដ្ឋមន្រ្តីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងកិច្ចជំនួបនេះ ភាគីទាំងពីរបានសន្យាថានឹងពង្រឹងកិច្ចសហប្រតិបត្តិទ្វេភាគីឲ្យបានខ្លាំងក្លាបន្ថែមទៀត ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន នៅតាមខ្សែក្រវ៉ាត់ព្រំដែននៃប្រទេសទាំងពីរ ដោយបានបញ្ជាក់ថា បញ្ហាគ្រឿងញៀននៅតាមខ្សែក្រវ៉ាត់ព្រំដែន រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាមនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង ដូច្នេះដើម្បីឲ្យការ បង្រ្កាបនូវបទល្មើសនេះមានប្រសិទ្ធភាពបន្ថែមទៀតនោះត្រូវធ្វើការទំនាក់ទំនងគ្នា ឲ្យបានញឹកញាប់ និងឲ្យបានលឿនបំផុត ដើម្បីកុំឲ្យប៉ះពាល់ដល់ការរស់នៅរវាងប្រជាជននៃប្រទេសទាំងពីរនៅតាមខ្សែក្រវ៉ាត់ព្រំដែននោះ។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា នាពេលកន្លងទៅកងកម្លាំងនគរបាលនៃប្រទេសទាំងពីរបានធ្វើការបង្រ្កាបរឹបអូស និងឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀនបានយ៉ាងច្រើនផងដែរ ខណៈដែលពួកគេកំពុងធ្វើសកម្មភាពនោះ។ យ៉ាងណាក្តី សម្តេចក្រឡាហោម បានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះបើទោះបីបញ្ហាសកលនៃគ្រឿងញៀនមិនទាន់ធ្លាក់ចុះក្តី ក៏កម្ពុជានៅតែប្តេជ្ញាខ្ពស់ចំពោះការទប់ស្កាត់ និងបង្រ្កាបនូវគ្រឿងញៀននេះជាដរាប។

ក្រៅពីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើករណីគ្រឿងញៀន ភាគីទំាងពីរកម្ពុជា និងវៀតណាមក៏សន្យាថានឹងខិតខំធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសផ្សេងៗទៀតផងដែរ៕