ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បុរសម្នាក់ត្រូវរថយន្ត​ក្រុងបុកកិនស្លាប់លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងស្រុកអូរជ្រៅ

បន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវបានស្លាប់​ភ្លាមនៅនឹងកន្លែងកើតហេតុ ដោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅវេលាម៉ោង ០៨និង៣០នាទីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅលើផ្លូវជាតិលេខ៥ ត្រង់ចំនុច គីឡូម៉ែត្រ៣៨៣-៣៨៤ ស្ថិតនៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកអធិការនគរបាលស្រុកអូរជ្រៅ វរសេនីយ៍ទោ សែស វិបុល បានឲ្យដឹងថា ៖ មុនពេលកើតដំបូងគឺ ម៉ូតូបុកនឹងម៉ូតូស្របទិសគ្នាពីលិចទៅកើត ហើយម៉ូតូមួយគ្រឿងដួលទៅលើទ្រូងផ្លូវ ចំណែកម៉ូតូមួយទៀតក៏បានបើករត់គេចខ្លួនបាត់​ ស្របពេលនោះមានរថយន្តក្រុងមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3AE 7776 បើកក្នុងទិសដៅពីលិចទៅកើតបានបើកបុកកិនជនរងគ្រោះបណ្តាលឲ្យស្លាប់នៅនឹងកន្លែង ។ក្រោយពីកើតហេតុអ្នកបើកបរ រថយន្តបានរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

លោកអធិការបានបញ្ជាក់ថា ៖ ជនរងគ្រោះដែលបានត់បង់ជីវិតឈ្មោះ ឈឿម វុទ្ធី ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បើកបរម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FR 0783។ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ដោយសាររថយន្តក្រុងបើកបរមានល្បឿនលឿន នៅពេលមានឧបសគ្គនៅខាងបុកជាន់ហ្វ្រាំងមិនទាន់ កើតមានគ្រោះថ្នាក់តែម្តង។

ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ ដោយពិនិត្យឃើញថារថយន្តក្រុងភាគច្រើន បង្កគ្រោះថ្នាក់ចរាចរណ៍អ្នកបើកបរច្រើនតែរត់គេចខ្លួននោះ  នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះដែរ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានជម្រុញឲ្យលោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរង ទទួលការងារផែនសណ្តាប់ធ្នាប់សាធារណៈ ឲ្យសហការជាមួយម្ចាស់ក្រុមហ៊ុនរថយន្តក្រុង ស្រង់ឈ្មោះអ្នកបើកបររថយន្ត  គ្រប់ក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មឲ្យបានច្បាស់លាស់ ងាយស្រួលពេលកើតមានគ្រោះថ្នាក់ចរាចរណ៍អ្នកបើកបររត់គេចខ្លួន នគរបាលស្រាវជ្រាវរកអ្នកបើកបរ ឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ ៕