ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមត្ថកិច្ចខេត្តឃាត់ខ្លួនជនជាតិអង់គ្លេសម្នាក់ ពីបទ ស្នាក់នៅខុសច្បាប់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

សៀមរាប ៖ នាវេលាម៉ោង ១៤ៈ០០នាទីថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២០ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលជនបរទេសម្នាក់ពីការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ពាក់ព័ន្ធនឹងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ជនបរទេសរូបនេះឈ្មោះ BARNFATHER GEORGE EDWARD ភេទ ប្រុស កើតថ្ងៃទី ០៨-០៣-១៩៩៥ ជនជាតិ អង់គ្លេស គ្មានលិខិតឆ្លងដែនជាប់ខ្លួន គ្មានមុខរបរ ស្នាក់នៅជាមួយមិត្តភ័ក្រ្ត ភូមិ ស្ទឹងថ្មី សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន្ត បានឲ្យដឹងថា ជនបរទេសរូបនេះចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីដើមឆ្នាំ ២០១៨ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ស្នាក់នៅខេត្តសៀមរាប បានរយៈពេលប្រហែល០៤ខែ ប្តូរទៅស្នាក់នៅបម្រើការងារនៅខេត្តកំពត-ខេត្តព្រះសីហនុ នឹងទើបតែត្រឡប់មកដល់ខេត្តសៀមរាបកាលពីថ្ងៃទី ១៨-០២-២០២០ ដើម្បីស្វែងរកការងារធ្វើ រហូតដល់វេលាម៉ោង ២១ៈ១០នាទីថ្ងៃទី ២១-០២-២០២០ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកសាកសួរនិងធ្វើតេស្តរកឃើញមានប្រើប្រាស់សារធាតុញៀន។លិខិតឆ្លងដែនបានបាត់កាលពីអំឡុងខែ កញ្ញា ឆ្នាំ ២០១៨ នៅខេត្តព្រះសីហនុ ទិដ្ឋាការស្នាក់នៅបានផុតសុពលភាពតាំងពីថ្ងៃទី ២២ កញ្ញា ២០១៨ រហូតដល់សព្វថ្ងៃ។

បច្ចុប្បន្ន ជនជាតិអង់គ្លេសរូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងចាត់បញ្ជូនទៅស្នាក់ការត្រៀមបណ្តេញប្រចាំខេត្តសៀមរាបចាត់ការបន្តតាមនីតិវិធី៕