ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលស្រុកក្រគរចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ធវៈ

ពោធិ៍សាត់៖​ ជនសង្ស័យឈ្មោះ ធុន អយ ហៅ ហេង ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិពោធិ៍អង្ក្រង ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១៤និង២០នាទី នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ពាក់ព័ន្ធករណីរំលោភសេពសន្ធវៈ លើជនរងគ្រោះ (ត្រូវជាបងថ្លៃ) នៅចំណុចពាងទឹក ក្បែរផ្ទះស្ថិតនៅភូមិឃុំរបស់ខ្លួនរស់នៅ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ។
ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ វ.ស.គ ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិឃុំខាងលើ ត្រូវជាបងថ្លៃជនសង្ស័យ បានចុះពីលើផ្ទះ ទៅងូតទឹកពាង ក្បែរផ្ទះ ពេលងូតទឹករួចបំរុងស្លៀកសំលៀកបំពាក់ មួយរំពេចនោះ ក៏ស្រាប់តែជនសង្ស័យ បានចាប់អោបខ្លួនពីក្រោយ យកដៃច្របាច់ដោះ រួចចាប់សម្រាតខោ លើកជើងជនរងគ្រោះម្ខាង រួចធ្វើសកម្មភាពរំលោភបានសម្រេចតែម្តង ។
ប្រភពបានបន្តថា ក្រោយពេលជនសង្ស័យធ្វើសកម្មភាពរួច ជនរងគ្រោះ មានអាការៈ ហូរឈាមជាច្រើន ហើយសន្លប់ ត្រូវបានប្អូនស្រីបង្កើតបញ្ជូនទៅសង្គ្រោះ នៅមណ្ឌលសុខភាពបឹងកន្ទួត តែដោយអាការៈ ធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារ បញ្ជូនជនរងគ្រោះ មកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចនគរបាលមូលដ្ឋាន លោកវរសេនីយ៍ឯក ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យ ឈ្មោះ ធុន អយ គឺសមត្ថកិច្ចធ្វើឡើងតាមបណ្តឹងរបស់ក្រុមគ្រួសារជនរងគ្រោះ នឹងមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ សម្រេចចាប់ខ្លួនជនសង្ស័យ នៅវេលាម៉ោង១៧និង៣៩នាទី នាថ្ងៃទី១៦ម្សិលមិញនេះ យកមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕