សកម្មភាពបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃ

ពីធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក នៃស្រុកកំពង់ត្របែក ខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលាស្រុកកំពង់ត្របែកបានរៀបចំពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងស្រុក ក្រោមអធិបតីភាពឯកឧត្តមជាសុមេធីអភិបាលខេត្ត ឱ្យនរណាដែលមន្ទីរអង្គភាពនានាជុំវិញខេត្តកងកំលាំងទាំងបី យ៉ាងច្រើនកុះករ។

ថ្លែងនៅក្នុងឱកាសនោះដែរលោក យ៉ាវ សានិនអភិបាលស្រុកកំពង់ត្របែក បានរាយការណ៍អំពីស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងស្រុកពុំមានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ។ ចំពោះរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកកំពង់របែកដែលត្រូវប្រកាសដាក់ឲ្យដំណើរការនាឱកាសនេះមាន ១៣ ការិយាល័យ ដែលមានមន្ត្រី សរុបចំនួន ៦៣ រូប ក្នុងនោះស្រី ១៩ រូប។

ថ្លែងនៅក្នុងឱកាសនោះដែរឯកឧត្តម ជា សុមេធី អភិបាលខេត្តក៏បានលើកឡើងថា ការដាក់ដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកកំពង់ត្របែក នាឱកាសនេះជាព្រឹត្តិការប្រវត្តសាស្រ្តក្នុងការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការសំដៅធានាដល់ការផ្ទេរសិទ្ធ ផ្ទេរអំណាច ផ្ទេមុខងារ និងផ្ទេរធនធានរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅជិតប្រជាពលរដ្ឋក្នុងការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធ អំណាច និងធនធានសម្រាប់ការផ្តល់សេវានិងការអភិវឌ្ឍន៍មូលដ្ឋាន និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។

ក្នុងនោះដែរ ដើម្បីធានាឲ្យដំណើរការចាប់ផ្ដើមអនុវត្តនូវរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកដោយរលូនចាប់ពីពេលនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំនូវកិច្ចការមួយចំនួនដែលត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្ត ដោយលោកអភិបាល លោកអភិបាលរងស្រុក ត្រូវបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ ក្នុងការធានានិរន្តរភាពការងាររដ្ឋបាល និងការផ្ដល់សេវាជូនប្រជាពលរដ្ឋ។ មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុក លោកមេឃុំ ស្មៀនឃុំ ត្រូវក្តាប់ឲ្យបាននូវរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នឹងដោះស្រាយជូនឲ្យបានឆាប់រហ័សកុំទុកឲ្យមានបញ្ហាតូច ទៅជាបញ្ហាធំជៀសវាងមានផលលំបាកនៅថ្ងៃក្រោយទៀត។ បន្តពិនិត្យតាមដានលើការងារសន្តិសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋជាពិសេសជនពិការ ជនចាស់ជរា ជនក្រីក្រ ត្រូវបត្ថម្ភគាំទ្រលើកទឹកចិត្តពួកគាត់ នឹងអនុវត្តឱ្យបាននូវគោលការណ៍ទាំង ៩ ចំណុចរបស់ ភូមិ ឃុំ មានសុវត្ថិភាពដូចជាបញ្ហាគ្រឿងញៀនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ជាដើម៕