ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

កិច្ចប្រជុំប្រចាំត្រីមាសរបស់ក្រុមការងារបណ្តាញឆ្លើយតបសុខភាពសហគមន៍ នៃគម្រោងឆ្លើយតបសុខភាសហគមន៍ របស់អង្គការកម្ពុជាដើម្បីសុខភាព និងការអប់រំសហគមន៍(ឆេក)

ខេត្តកំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ លោក ឈួន ចាន់ណា អភិបាលរងស្រុក ដឹកនាំកិច្ចប្រជុំប្រចាំត្រីមាស របស់ក្រុមការ ងារបណ្តាញឆ្លើយតបសុខភាពសហគមន៍ស្រុកសាមគ្គីមាន ជ័យ នៃគម្រោងឆ្លើយតបសុខភាសហគមន៍ របស់ អង្គការ កម្ពុជាដើម្បីសុខភាព និងការអប់រំសហគមន៍(ឆេក)។

គោលបំណងប្រជុំដើម្បី៖
-ពិភាក្សាអំពីកិច្ចសហការរបស់ភ្នាក់ងារពាក់ព័ន្ធឆ្លើយតបអំពើហិង្សា បញ្ហាយុវវ័យ និងអ្នកជំងឺអេដស៍។
-ពិភាក្សាអំពីប្រឈមរបស់ភ្នាក់ងារពាក់ព័ន្ធឆ្លើយតបអំពើហិង្សា បញ្ហាយុវវ័យ និងអ្នកជំងឺអេដស៍។
-ពិភាក្សាអំពីគម្រោងថវិកាដើម្បីឆ្លើយតបអំពើហិង្សា បញ្ហាយុវវ័យ និងអ្នកជំងឺអេដស៍។

លោក សុផល រ៉ូដា ប្រធានគម្រោងឆ្លើយតបសុខភាពសហគមន៍បានបង្ហាញពីសកម្មភាពរបស់គម្រោងដែលបានប្រតិបត្តិរយ:ពេលកន្លងមក និងបញ្ជាក់ពីផែនការសកម្មភាព នៃការប្រតិបត្តិគម្រោងក្នុងត្រីមាសបន្ទាប់។

លទ្ធផលនៃកិច្ចប្រជុំប្រចាំត្រីមាស របស់ក្រុម ការងារបណ្តាញឆ្លើយតបសុខភាពសហគមន៍ស្រុកសាមគ្គីមានជ័យ នៃគម្រោងឆ្លើយតបសុខភាសហគមន៍ របស់ អង្គការកម្ពុជា ដើម្បីសុខភាព និងការអប់រំសហគមន៍ (ឆេក)រួមមាន៖
*បញ្ហាប្រឈម÷
-អំពើហិង្សា÷មាន ៣៦ ករណី
-បញ្ហាយុវវ័យ÷ គ្មាន
-បញ្ហាមេរោគអេដស៍ និងជំងឺអេដស៍÷ មាន ៧៦ នាក់ ក្នុងនោះមានចំនួន ៤ នាក់បានបោះបង់ការលេបថ្នាំពន្យារ និងមាន ១ នាក់បានឆ្លងមេរោគអេដស៍។
*ដំណោះស្រាយ÷
-អំពើហិង្សា÷ផ្តល់ប្រឹក្សាយោបល់ និងដោះស្រាយបញ្ចប់បាន ៣៦ ករណី
-បញ្ហាយុវវ័យ÷ គ្មាន
-បញ្ហាមេរោគអេដស៍ និងជំងឺអេដស៍÷ ចុះជួប និងពន្យល់អប់រំណែនាំអ្នកជំងឺអេដស៍ទាំង ៤ នាក់ ដោយសម្ងាត់ឲ្យប្រើប្រាស់ ថ្នាំឲ្យបានសមស្រប ត្រឹមត្រូវ និងទៀងទាត់ឡើងវិញ។

សូមបញ្ញ្ជាក់ថា អង្គការកម្ពុជាដើម្បីសុខភាព និងការអប់រំសហគមន៍ (ឆេក) ជាអង្គការក្នុងស្រុកក្រៅរដ្ឋាភិបាល ដែលអនុវត្តការងារផ្តោតការងារទៅលើការអប់រំមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ដល់ក្រុមគោលដៅជាយុវវ័យ និងទប់ស្កាត់អំពើហឹង្សាទៅលើស្ត្រី និងកុមារី ព្រមទាំងចូលរួមចំណែកក្នុងការលើកកម្ពស់ការប្រើប្រាស់ថ្នាំឲ្យបានសមស្របរបស់
អ្នកជំងឺតាមតំបន់គោលដៅ ៕