ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅបន្តទៅខែកុម្ភ:

ពោធិ៍សាត់៖ លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ដំណាច់ខែមករា ឆ្នាំ២០២០និងលើកទិសដៅបន្តទៅខែកុម្ភ: ឆ្នាំ២០២០ នាព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង  លោកអនុប្រធានផែនការងារ លោកមេបញ្ជាការរង វរ:សេនាតូច លេខ៨២៥ការពារព្រំដែនគោក លោកនាយ នាយរងការិយាល័យ លោកអធិការនគរបាលស្រុក ក្រុងទាំង៧ លោកនាយ នាយរងផ្នែកជំនាញសរុប១៧៦នាក់ ស្រី៧នាក់។
ក្នុងកិច្ចប្រជុំនេះក៏មានការប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូនមន្រ្តីនគរបាលជាតិចំនួន៤រូបគឺថ្នាក់វរសេនីយ៍ទោ១រូប ថ្នាក់វរសេនីយ៍ត្រី២រូប និងប្រកាសតែងតាំងមុខតំណែង១រូប បំពាក់ដោយលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តពោធិ៍សាត់។ ក្នុងរបាយការណ៍គេសង្កេតឃើញករណីគ្រោះថ្នាក់ចរារចណ៍នៅតែជាចំណុចប្រឈមដូច្នេះដើម្បីគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា លោកឧត្តមសេនីត្រី ឱ ហ៊ាង ស្នងការរងផែនកាងារសណ្តាប់ធ្នាប់ក៏បានលើកឡើងនិងបានអានសេចក្តីប្រកាសរបស់គណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកជាទិសដៅឆ្នាំ២០២០របស់សម្តេចក្រឡាហោម ស ខេង ឧបនាយកមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងនគរបាលទាំងអស់ឲ្យចូលរួមអនុវត្តច្បាប់ចរាចរណ៍ ជាពិសេសសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ត្រូវបន្តអនុវត្តរឹតបន្តឹងការអនុត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅតាមបណ្តាគោលដៅ និងបន្តផ្សព្វផ្សាយ នៅតាមមូលដ្ឋានពីទិសដៅរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ឆ្នាំ២០២០ដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តពោធិ៍សាត់ឲ្យបានទូលំទូលាយ។

ទន្ទឹមនឹងនេះលោកឧត្តមសេនីយ៍ស្នងការរងផែនការងារសណ្តាប់ធ្នាប់ក៏បានលើកឡើងនូវផែនការអនុវត្តច្បាប់ចរាចរណ៍មួយចំនួនដើម្បីឲ្យការអនុវត្តនេះមានប្រសិទ្ធិភាពដូចជា៖ ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ដោយស្មើភាពគ្នា, ការផាកពិន័យក្នុងតម្តៃខ្ពស់ដើម្បីជាការរាងចាលសំរាប់អ្នកមិនគោរពច្បាប់ចរាចរណ៍, ដាក់ពង្រាយកម្លាំងដើម្បីត្រួតពិនិត្យនៅតាមបណ្តាគោលដៅសំខាន់ៗនិងត្រូវមានកម្លាំងប្រចាំការនៅតាមបណ្តាគោលដៅជាប្រចាំ ។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្តមានប្រសាសន៍សង្កត់ធ្ងន់ដល់កងកម្លាំងទាំងអស់ ឲ្យយកចិត្តទុកដាក់លើការគោរពវិន័យជាកងកម្លាំងប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវ:ជានគរបាលជាតិក្នុងការអនុវត្តការងារទៅតាមតួនាទីដើម្បីត្រៀមលក្ខណ:បង្ការនិងទប់ស្កាត់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យកាន់តែថយចុះជាលំដាប់ ជាពិសេសបង្ក្រាបករណីគ្រឿងញៀន ល្បែងស៊ីសង  ករណីចោរឆក់ ចោរលួច ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អ។
ជាមួយគ្នានេះលោកឧត្តមសេនីយ៍ស្នងការក៏បានសង្កត់ធ្ងន់បន្តថា ដោយសារអ្នកស្លាប់និងអ្នករងរបួសនៅតែមានចំនួនច្រើនក្នុងឆ្នាំ២០១៩ កើនឡើងជាងឆ្នាំ២០១៨ដោយសារតែបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលនៅតែជាបញ្ហាចម្បងសម្រាប់ប្រទេសកម្ពុជា ដូច្នេះមន្ត្រីនគរបាលជាតិទាំងអស់ត្រូវរួមគ្នាអនុវត្តច្បាប់ដើម្បីធ្វើជាគំរូដល់ប្រជាពលរដ្ឋទូទៅ និងត្រូវរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ចំពោះកងកម្លាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋទូទៅឲ្យបានស្មើភាពគ្នា ដើម្បីកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២០នេះ។
និងត្រៀមលក្ខណ:ជាស្រេចដើម្បីការពារពេលមានហេតុការណ៍អគ្គីភ័យកើតឡើងជាយថាហេតុ ៕