ព័ត៌មានក្នុងប្រទេស

កិច្ចប្រជុំពិភាក្សា​ពាក់ព័ន្ធនិងការដាក់ម៉ាស៊ីនស្គេនកម្ដៅ​សម្រាប់អ្នកដំណើរឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិក្រុងបាវិត

ខេត្តស្វាយរៀង​៖​ នៅថ្ងៃចន្ទ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដមម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញចូលរួមប្រជុំពិភាក្សា​ពាក់ព័ន្ធនិងការដាក់ម៉ាស៊ីនស្គេនកម្ដៅសម្រាប់អ្នកដំណើរឆ្លងកាត់ ឲ្យបានត្រឹមត្រូវ តាមស្ដង់ដារ និងកែសម្រួលទីតាំងបំពាក់ម៉ាស៊ីនស្គេន ដើម្បីតាមដាន និងការពារការឆ្លងវីរ៉ឺស កូរូណា(Virus Corona) និងបានអញ្ជើញចុះត្រួតពិនិត្យ​ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្រោមអធិបតីភាពឯកឧត្ដម អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកអភិបាលរងក្រុងបាវិត និងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោកនាយករងប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ លោកប្រធានមន្ទីរសុខាភិបាលខេត្ត និងលោកប្រធានសាខាគយ និងរដ្ឋាករខេត្ត ។

កិច្ចប្រជុំនេះ ផ្តោតសំខាន់ទៅលើការ ប្តូរទីតាំងស្គេនទៅពីមុខវិញ ឲ្យចំកន្លែងអ្នកទេសចរចូលមក ដើម្បីធ្វើការស្គេន ហើយទើបអនុញ្ញាតឲ្យចូលបោះត្រា ចូលមកស្រុកខ្មែរ និងពង្រឹងយកចិត្តទុកដាក់ ចំពោះវីរុសកូរូណា បើមានការសង្ស័យ ត្រូវបញ្ជូនទៅពិនិត្យភ្លាមៗផងដែរ ៕