រដ្ឋលេខាធិការ

កិច្ចប្រជុំពិភាក្សាស្តីពីការពង្រឹងកិច្ចសហការ រវាងគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងដៃគូអភិវឌ្ឍន៍

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃច័ន្ទ ៣កេីត ខែមាឃ ឆ្នាំកុរ ឯកស័ក  ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅភោជនីយដ្ឋានទន្លេបាសាក់២ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជបជ) បានបេីកកិច្ចប្រជុំពិភាក្សាស្តីពីការពង្រឹងកិច្ចសហការ រវាងគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងដៃគូអភិវឌ្ឍន៍ និងពិធីប្រគល់លិខិតថ្លែងអំណរគុណ ចំពោះកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្ស កន្លងមកដល់សមាគម អង្គការជាតិ-អន្តរជាតិចំនួន៥៦ ក្រុមហ៊ុនឯកជនចំនួន៤ ដែលប្រព្រឹត្តិឡេីងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ (គជបជ)។ 

អញ្ជេីញចូលរួមក្នុងកិច្ចប្រជុំនេះ មានលោកជំទាវ     ឧត្តមសេនីយ៍ឯក វេជ្ជ .ប៉ុណ្ណ សំខាន់ ជាអគ្គលេខាធិការ ឯកឧត្តម  លោកជំទាវ ជាអគ្គលេខាធិការរង ប្រធានស្តីទី លេខាធិការដ្ឋានរដ្ឋបាល-សរុប ប្រធាន-អនុប្រធានក្រុមជំនួយកិច្ចការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ  អង្គការដៃគូអភិវឌ្ឍនានាក្នុងការងារប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្សនៅប្រទេសកម្ពុជា និងវិស័យឯកជនជាច្រេីនរូប។ 

ក្នុងកិច្ចប្រជុំនេះ លោកជំទាវអនុប្រធានអចិន្រ្តៃយ៍ បានសង្កត់ធ្ងន់ទៅលើមូលហេតុដែលចាំបាច់ត្រូវរួមគ្នា ក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ព្រោះថាការរំលោភបំពានកម្លាំងពលកម្មផ្លូវភេទ ជាពិសេសការជួញដូរមនុស្ស ជាទូទៅមិនមានរូបរាង ឬភស្ដុតាងច្បាស់លាស់ទេ បើមានករណីកើតឡើង ក្រោយការរាយការណ៍ មានការសន្និដ្ឋានបឋម គឺត្រូវការស្រាវជ្រាវអង្កេតតាមដានចំណាយពេលយូរ រហូតឈានដល់ការចាប់ខ្លួនជនល្មើស និងកាត់ទោស។ ការងារត្រូវរត់ពីក្រោយជនល្មើស ដែលត្រូវការបន្ថែមល្បឿនដាច់ខាត។ ដូច្នេះ កិច្ចសហការគឺជាការចាំបាច់ លោកជំទាវ ក៏បានអំពាវនាវឱ្យគ្រប់វិស័យទាំងអស់ត្រូវតែកុំព្រងើយកន្តើយចំពោះបញ្ហាជួញដូរមនុស្សនេះ មិនថាតែរដ្ឋាភិបាល ក្រសួងមន្ទីរស្ថាប័ន អង្គការ សមាគម វិស័យឯកជននោះទេ ទាំងសាលារៀន ប្រជាជន ក្រុមហ៊ុនសំលៀកបំពាក់ កសិកម្ម សិប្បកម្ម ឧស្សាហកម្ម ចំណីអាហារ ដឹកជញ្ជូន។ល។ សូម្បីតែក្រុមហ៊ុនអចលនទ្រព្យ ក៏ត្រូវដឹងលឺ និងចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងដែរ។