រដ្ឋបាលរាជធានី-ខេត្ត

អាជ្ញាធរខេត្តប៉ៃលិនបានធ្វើការបាញ់ទឹកលាងសម្អាតដងផ្លូវនៅក្បែរច្រកព្រំដែនអន្តរជាតិព្រំ ដើម្បីសោភ័ណ្ឌភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ

ប៉ៃលិន៖ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ អាជ្ញាធរខេត្ត ដែលដឹកនាំដោយ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត បានដឹកនាំមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំង ធ្វើការបាញ់ទឹកសម្អាតដងផ្លូវលេខ ៥៧ នៅក្បែរច្រកព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីសោភ័ណ្ឌភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋផងដែរ។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការរួមគ្នាធ្វើអនាម័យបរិស្ថាន និងការលាងសម្អាតផ្លូវសាធារណៈនាពេលនេះ គឺដើម្បីជាការដាស់តឿន និងណែនាំដល់ប្រជាពលរដ្ឋឱ្យមានការភ្ញាក់រលឹក ព្រមទាំងចូលរួមធ្វើអនាម័យ និងបរិស្ថានក្នុងខេត្ត ជាពិសេសច្រកទ្វារអន្តរជាតិព្រំ ដែលជាតំបន់សេដ្ឋកិច្ច និងទេសចរណ៍ដ៏សំខាន់ ឱ្យមានសោភ័ណភាពល្អ ដើម្បីប្រឡងប្រណាំងទីក្រុងស្អាត និងទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិន ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។ ឯកឧត្តម អភិបាល ខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ បច្ចុប្បន្នដោយសារអាកាសធាតុមានការប្រែប្រួល និងការបំពុលបរិស្ថាន ដែលបណ្តាលធ្វើឱ្យខ្យល់បរិយាកាសមិនល្អ ធ្វើឱ្យប៉ះពាល់ដល់សុខភាព ដូចឆ្នេះការលាងសម្អាតផ្លូវនាពេលនេះ ក៍ជាការចូលរួមថែរក្សាអនាម័យ និងសុខមាលភាពរបស់ប្រជាពលរដ្ឋផងដែរ។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានមានប្រសាសន៍សំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងផ្នែកពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ពោលគឺក្នុងនាមយើងជាម្ចាស់ផ្ទះ ម្ចាស់ទីតាំង ម្ចាស់ទឹកម្ចាស់ដី គឺត្រូវរួមគ្នាសម្អាតនៅមុខផ្ទះ ឬក្នុងផ្ទះរៀងៗខ្លួនឲ្យបានជាប្រចាំ ដោយនៅមុខផ្ទះ ឬទីតាំងអ្នកណាអ្នកហ្នឹងសម្អាត ឲ្យបានស្អាតជាប្រចាំ ហើយត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អត្រឹមត្រូវ និងទុកដាក់ឲ្យបានត្រឹមត្រូវ គឺមិនត្រូវបោះចោលសំរាមគ្មានសណ្តាប់ ធ្នាប់ ពាលវាលពាសកាល នៅតាមទីសាធារណៈនោះទេ។
សូមបញ្ជាក់ថា​ ការសម្អាតអនាម័យបរិស្ថាន និងលាងសម្អាតតាមដងផ្លូវនៅក្បែរច្រកទ្វារអន្តរជាតិព្រំនាពេលនេះ គឺបានប្រើប្រាស់រថយន្ត ពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន ៤គ្រឿង ហើយឯកឧត្តម អភិបាល ក៍បានឧបត្ថម្ភប្រេង សម្រាប់រថយន្តបាញ់ទឹកចំនួន ៤០០លីត្រផងដែរ។