ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលសហប្រតិបត្តិការធានាសន្តិសុខសណ្តាប់ធ្នាប់ រវាង នគរបាលខេត្តតាកែវ នគរបាលខេត្តកណ្តាល និងនគរបាលខេត្តអានយ៉ាងប្រទេសវៀតណាម

ខេត្តតាកែវ ៖ នៅរសៀលថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានដឹកនាំលោកឧត្តមសេនីយ៍ វរសេនីយ៍ ជាស្នងការរង និងសហការីច្រើនរូបចូលរួមប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលសហប្រតិបត្តិការ ធានាសន្តិសុខសណ្តាប់ធ្នាប់ រវាងស្នងការដ្ឋាន នគរបាលខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ និងកណ្តាល រយៈពេល៦ខែ ចុងឆ្នាំ២០១៩ និងលើកទិសដៅ៦ខែ ដើមឆ្នាំ២០២០ ។
កិច្ចប្រជុំនេះធ្វើឡើងនៅស្នងការដ្ឋាននគរបាល ខេត្តអានយ៉ាង ប្រទេសវៀតណាម ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ប៊ុយ ប៊ែ ទី ស្នងការនគរបាល ខេត្តអានយ៉ាងប្រធានអង្គប្រជុំ ,លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ដោយមានការចូលរួមពីលោកស្នងការរង និងសមាសភាពពាក់ព័ន្ធចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តទាំងបី។
បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ ភាគីទាំង២ (កម្ពុជា-វៀតណាម) បានវាយតម្លៃខ្ពស់នូវលទ្ធផលសម្រេចបាន និងបញ្ហាដែលនៅសេសសល់មួយចំនួនក្នុង កិច្ចប្រតិបត្ដិការ បង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសរវាងភាគីទាំងពីរក្នុងរយៈពេល៦ខែ និងបានឯកភាពគ្នាលើកទិសដៅសហប្រតិបត្ដិការចំនួន ០៨ ចំណុចសំខាន់ៗ អនុវត្តបន្តនៅក្នុងរយៈ៦ខែ ដើមឆ្នាំ២០២០ខាងមុខ ដើម្បីបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ដែលឆ្លងដែនចេញ-ចូល រវាងប្រទេសទាំង២ ខេត្តទាំង៣ ក្នុងគោលបំណងធានាបានសន្ដិសុខសណ្ដាប់ធ្នាប់ នៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន ។ ក្រោយពីបញ្ចប់ នូវកិច្ចប្រជុំ ភាគីទាំង២បានជូនវត្ថុអនុស្សាវរីយ៍ឲ្យគ្នាទៅវិញទៅមក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមខាងមុខនេះ និងពិសារអាហារសាមគ្គីជាមួយគ្នាផងដែរ៕