ព័ត៌មានក្នុងប្រទេស

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ​ អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ផ្លូវទាំង៣៤ ខ្សែនៅក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ​៖​ ថ្ងៃសៅរ៍ ៩ រោច ខែបុស្ស ឆ្នាំកុរ​ ឯកស័ក ពុទ្ធសករាជ ២៥៦៣​ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០​ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយឯកឧត្តមឧបនាយរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូប នីយកម្មនិងសំណង់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន ឯកឧត្តម គួច ចំរើន អភិបាល​ នៃគណ:អភិបាល​ ខេត្តព្រះសីហនុ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត អញ្ជើញពិនិត្យការដ្ឋានសាងសង់ផ្លូវទាំង៣៤ ខ្សែនៅក្នុងខេត្តព្រះសីហនុ ក្នុងនោះមានផ្លូវមួយចំនួនដែលកំពុងអនុវត្តដោយ កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ ក្រសួងការពារជាតិផងដែរ។

ការសាងសង់ផ្លូវចំនួន៣៤ខ្សែ ដែលមាន ប្រវែងសរុប៨៤.៥០៥ម៉ែត្រ នៅក្នុងខេត្តព្រះសីហនុមកទល់នឹង​​ពាក់កណ្តាលខែមករា​ ឆ្នាំ២០២០ សម្រេច​លទ្ធផលបាន​ប្រមាណជា៣០ភាគរយនៃគម្រោងហើយ បន្ទាប់ពីបើកការដ្ឋានជា​ផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ រួចមកក្នុងនោះមានផ្លូវមួយចំនួន​ បាន​ និងកំពុងរៀបចំប្រព័ន្ធលូ និងចាប់ផ្តេីមចាក់ក្រាលបេតុងជាបណ្តេីរៗ ហេីយ។

ការដ្ឋានសាងសង់ផ្លូវទាំង៣៤ខ្សែ ដែលបានអនុវត្តដោយក្រុមហ៊ុនឯកជន​ចំនួន៦និងកងវិស្វកម្មចំនួនពីរគឺកងវិស្វកម្មសម្តេចតេជោហ៊ុនសែនសៀមរាប​ និង​កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់នៃក្រសួងការពារជាតិ គិតពីថ្ងៃទី១៦ខែ វិច្ឆិកា ឆ្នាំ​២០១៩ ដែលជាថ្ងៃបើកការដ្ឋានជាផ្លូវការមកដល់ត្រឹមថ្ងៃទី១៥ខែមករាឆ្នាំ២០២០​នេះ គឺមានរយៈពេលពីរខែគត់៕