បុរសម្នាក់ស្លាប់ខណៈបើកម៉ូតូសណ្ដោងរ៉ឺម៉កមិនប្រកាន់ស្ដាំបណ្ដាលឲ្យបុកជាមួយរថយន្តមួយគ្រឿងទៀតបើកច្រាសគ្នាពេញទំហឹង
កណ្ដាលៈ បុរសម្នាក់ ស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធ័ម ខណៈបើកម៉ូតូសណ្ដោងរ៉ឺម៉កមិនប្រយ័ត្ន(មិនប្រកាន់ស្ដាំ) បណ្ដាលឲ្យបុកជាមួយរថយន្តមួយគ្រឿង ធ្វើដំណើរច្រាស់ទិសគ្នាពេញមួយទំហឹង នៅវេលាម៉ោង៥ និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវជាតិលេខ2 ខាងមុខសាលាសង្កាត់ព្រែកហូរ ស្ថិតនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ កែវ រតនា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិ ស្ទឹងជ្រៅ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល បើកបរម៉ូតូសណ្តោងរ៉ឺម៉ក ម៉ាកSUZUKI VIVA ធុន110 ពណ៌ ខ្មៅ
គ្មានស្លាកលេខ ។ ចំណែករថយន្តម៉ាក
STERLING ពណ៌សំបកឪឡឹក ពាក់លស្លាក លេខភ្នំពេញ3C_0812 បើកដោយជនមិនទាន់ស្គាល់អត្តសញ្ញាណ ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះខាងលើ បើកបរម៉ូតូសណ្ដោងរ៉ឺម៉ក តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏ចូលក្នុងគន្លងផ្លូវម្ខាងទៀត (មិនប្រកាន់ស្ដាំ) ខណៈនោះក៏បានបុកជាមួយរថយន្តមួយគ្រឿង បើកច្រាសគ្នាពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលជំនាញចរាចរណ៍ក្រុងតាខ្មៅ បានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការពិនិត្យវាស់វែងសន្និដ្ឋានថា ករណីនេះបណ្ដាលមកពីអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ក បេីកចូលចំណែកផ្លូវខាងរថយន្ត។ បន្ទាប់ពី
សន្និដ្ឋានរួច កម្លាំងជំនាញក៏សាងឯកសារដកហូតមធ្យោបាយពាក់ព័ន្ធយកទៅអធិការដ្ឋាននគរបាលក្រុងចាត់ការតាមច្បាប់ ៕