ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បុរសម្នាក់ស្លាប់ខណៈបើកម៉ូតូសណ្ដោងរ៉ឺម៉កមិនប្រកាន់ស្ដាំបណ្ដាលឲ្យបុកជាមួយរថយន្តមួយគ្រឿងទៀតបើកច្រាសគ្នាពេញទំហឹង

កណ្ដាលៈ បុរសម្នាក់ ស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធ័ម ខណៈបើកម៉ូតូសណ្ដោងរ៉ឺម៉កមិនប្រយ័ត្ន(មិនប្រកាន់ស្ដាំ) បណ្ដាលឲ្យបុកជាមួយរថយន្តមួយគ្រឿង ធ្វើដំណើរច្រាស់ទិសគ្នាពេញមួយទំហឹង នៅវេលាម៉ោង៥ និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ តាមបណ្ដោយ​ផ្លូវជាតិលេខ2 ខាងមុខសាលាសង្កាត់​ព្រែក​ហូរ​ ស្ថិតនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ​ ខេត្ត​កណ្ដាល​។
មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ កែវ​ រតនា​ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិ ស្ទឹងជ្រៅ​ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ​ ខេត្តកណ្តាល បើកបរម៉ូតូសណ្តោងរ៉ឺម៉ក ម៉ាកSUZUKI VIVA ធុន110 ពណ៌​ ខ្មៅ​
គ្មានស្លាកលេខ ។ ចំណែករថយន្តម៉ាក
STERLING ពណ៌​សំបកឪឡឹក ពាក់លស្លាក លេខភ្នំពេញ3C_0812 បើកដោយជនមិនទាន់ស្គាល់អត្តសញ្ញាណ ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះខាងលើ បើកបរម៉ូតូសណ្ដោងរ៉ឺម៉ក តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏ចូលក្នុងគន្លងផ្លូវម្ខាងទៀត (មិនប្រកាន់ស្ដាំ) ខណៈនោះក៏បានបុកជាមួយរថយន្តមួយគ្រឿង បើកច្រាសគ្នាពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលជំនាញចរាចរណ៍ក្រុងតាខ្មៅ បានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការពិនិត្យវាស់វែងសន្និដ្ឋានថា ករណីនេះបណ្ដាលមកពីអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ក​ បេីកចូលចំណែកផ្លូវខាងរថយន្ត។ បន្ទាប់ពី
សន្និដ្ឋានរួច កម្លាំងជំនាញក៏សាងឯកសារដកហូតមធ្យោបាយពាក់ព័ន្ធយកទៅអធិការដ្ឋាននគរបាលក្រុងចាត់ការតាមច្បាប់ ៕