ព័ត៌មានអន្តរជាតិ

បក្សកាន់អំណាចរបស់រុស្ស៊ីអនុម័តលើការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបស់លោកពូទីន

Reuters: យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ (ទី១៦ មករា) ម្សិលមិញនេះ គណបក្សកាន់អំណាចរបស់ប្រទេសរុស្ស៊ី បានធ្វើការគាំទ្រជាឯកច្ឆន្ទលើជម្រើសដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន (Vladimir Putin) ក្នុងការជ្រើសរើសលោក ម៉ៃក៍ហីល មីសាស្តីន (Mikhail Mishustin) ដែលជាបុរសស្ទើរតែគ្មានប្រវត្តិនយោបាយទាល់សោះនោះ ជានាយករដ្ឋមន្រ្តីថ្មីរបស់រុស្ស៊ី។

សូមជម្រាបថា ការតម្លើងតំណែងរបស់លោក មីសាស្តីន (Mishustin) ខាងលើនេះ គឺជាផ្នែកមួយនៃការរង្គោះរង្គើប្រព័ន្ធនយោបាយរបស់រុស្ស៊ីដែលត្រូវបានប្រកាសដោយលោក ពូទីន (Putin) កាលពីថ្ងៃពុធកន្លងទៅនេះ ដែលនាំឱ្យមានការលាលែងពីតំណែងជានាយករដ្ឋមន្រ្តីរបស់លោក ឌីមីទ្រី មេដវ៉េដេវ ( Dmitry Medvedev) ព្រមគ្នាជាមួយរដ្ឋាភិបាលរបស់លោកផងដែរ។

ការផ្លាស់ប្តូរនេះខាងលើនេះ ត្រូវបានគេមើលឃើញថាជាការផ្តល់អំណាចដល់លោកពូទីន (Putin) ដែលមានវ័យ ៦៧ ឆ្នាំក្នុងការពង្រីកអំណាចរបស់លោកនៅពេលដែលលោកត្រូវចាកចេញពីតំណែងជាប្រធានាធិបតីនៅឆ្នាំ២០២៤ខាងមុខ។

គួរឲ្យដឹងថា លោក មីសាស្តីន (Mishustin) ដែលមានវ័យ ៥៣ ឆ្នាំ គឺជាបុគ្គលដែលបានបើកដំណើរការសេវាកម្មពន្ធរបស់រដ្ឋដោយទទួលការកោតសរសើរជាច្រើនចំពោះការកែលម្អការប្រមូលពន្ធដែលលោកបានផ្តួចផ្តើមឡើង។

ក្រុមអ្នករិះគន់បានចោទប្រកាន់លោក ពូទីន (Putin) ដែលជាអតីតមន្រ្តីរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ KGB ជាយូរមកហើយនោះថា លោកបានរៀបចំដើម្បីរក្សាអំណាចរបស់លោកបន្ទាប់ពីអាណត្តិរបស់លោកត្រូវបានបញ្ចប់ ហើយលោកនឹងបន្តកាន់អំណាចលើប្រទេសដ៏ធំបំផុតរបស់ពិភពលោកនិងដែលជាមហាអំណាចនុយក្លេអ៊ែរឈានមុខគេមួយក្នុងចំណោមប្រទេសធំៗពីរលើលោកផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃពុធកន្លងទៅនេះ លោក ពូទីន (Putin) បានដាក់ចេញនូវសំណើកែទម្រង់រដ្ឋធម្មនុញ្ញមួយ ហើយលោកបានស្នើថាសំណើនេះ គួរតែត្រូវបានយកទៅធ្វើការប្រជាមតិមួយ ដែលនឹងផ្តល់ឱ្យលោកនូវជម្រើសនៃការទទួលយកតួនាទីជានាយករដ្ឋមន្រ្តីបន្ទាប់ពីឆ្នាំ២០២៤ ឬជាតួនាទីថ្មីក្នុងនាមជាប្រធានក្រុមប្រឹក្សារដ្ឋដែលជាស្ថាប័នផ្លូវការមួយដែលលោកបានលើកឡើងថាលោកចង់កសាងឡើង។

តើលោក ពូទីន (Putin) នឹងកាន់អំណាចអស់មួយជីវិតដែរឫទេ?

តាមការលើកឡើងពីអ្នកនយោបាយបក្សប្រឆាំងលោក លេអូនីដ វ៉ូលកូវ (Leonid Volkov) បានឲ្យដឹងថា វាមើលទៅដូចជាលោក ពូទីន (Putin) កំពុងរកផ្លូវដើម្បីអាចអំណាចអស់មួយជីវិត ដោយលោកបានសរសេរនៅលើបណ្តាញសង្គមថា “វាច្បាស់ណាស់សម្រាប់អ្នកទាំងអស់គ្នាដែលថាអ្វីៗគឺឆ្ពោះទៅរកការរៀបចំឲ្យលោក ពូទីន (Putin) អាចគ្របគ្រងអំណាចអស់មួយជីវិត។”

ជាមួយគ្នានេះដែរ នៅថ្ងៃព្រហស្បតិ័ម្សិលមិញនេះ ប្រព័ន្ធផ្សព្វផ្សាយឈ្មោះ កុមើសេន (Kommersant) ក៏បានហៅភាពរង្គោះរង្គើលើឆាកនយោបាយរុស្ស៊ីនៅពេលនេះថាជា “បដិវត្តខែមករា” ផងដែរ ហើយលើសពីនេះ ប្រព័ន្ធផ្សព្វផ្សាយខាងលើក៏បានសរសេរថា សំណើរបស់លោក ពូទីន (Putin) នេះ មើលទៅដូចជាការចាប់ផ្តើមនៃការផ្លាស់ប្តូរជាច្រើនទៀតដែលនឹងមកដល់នៅពេលខាងមុខ។

សូមជម្រាបថា ក្រោមរដ្ឋធម្មនុញ្ញបច្ចុប្បន្នរបស់ប្រទេសរុស្ស៊ី ដែលមានចែងពីការកំណត់អាណត្តិប្រធានាធិបតីជាអតិបរមាបានត្រឹម០២អាណត្តិជាប់ៗគ្នានោះ លោក ពូទីន (Putin) នឹងមិនមានសិទ្ធិឈរឈ្មោះជាប្រធានាធិបតីជាថ្មីម្តងទៀតនៅឆ្នាំ ២០២៤ នោះទេ ប៉ុន្តែអ្នកគាំទ្ររបស់លោកពិតជាពិបាកស្រមៃពីជីវិតនយោបាយរបស់ប្រទេសរុស្ស៊ីដោយគ្មានវត្តមានបុរសខ្លាំងខាងលើនេះណាស់។

គួរបញ្ជាក់ជូនថា លោក ពូទីន (Putin)​ នៅតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីប្រជាជនរុស្ស៊ីមួយភាគធំ ដែលមើលឃើញថាលោកជាប្រភពនៃស្ថេរភាព បើទោះបីជាមានអ្នកផ្សេងទៀតត្អូញត្អែរថាលោកបានកាន់អំណាចយូរពេក ហើយប្រាក់សោធននិវត្តន៍និងកម្រិតជីវភាពរបស់ពួកគេ បាននឹងកំពុងរងការប៉ះពាល់។

ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន (Vladimir Putin)

ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន (Vladimir Putin) និងលោក ឌីមីទ្រី មេដវ៉េដេវ ( Dmitry Medvedev)

លោក ម៉ៃក៍ហីល មីសាស្តីន (Mikhail Mishustin) នាយករដ្ឋមន្រ្តីថ្មីរបស់រុស្ស៊ី