ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នាយករងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច(UME) សាខាខេត្តបន្ទាយមានជ័យស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍

ខេត្តបន្ទាយមានជ័យ ៖ លោកនាយករងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច(UME) សាខាខេត្តបន្ទាយមានជ័យបានស្លាប់ភ្លាមៗក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅវេលាម៉ោង ១០ និង១០នាទីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចស្ពានទី៤ ​ក្រៅទីប្រជុំជនស្ថិតក្នុង​ភូមិ​កំព្រីង​ សង្កាត់​ភ្នៀត ​ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ បានអោយដឹងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះថា ៖ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាង​រថយន្ត​ម៉ាក​តូយូតា​កាម៉ារីបាឡែន ​ពាក់ស្លាក​លេខ​ ភ្នំពេញ​ 2X-3613 បើក​បរក្នុងទិសដៅពីទិសខាងកើតទៅខាងលិច ​បុក​ប៉ះរថយន្ត​ធុនធំ​ មិនស្គាល់ម៉ាក​ពីក្រោយ ក្នុងទិសដៅស្របទិសគ្នា​ បណ្តាល អោយ​អ្នកបើកបរម្នាក់ភេទប្រុសបានស្លាប់បន្ទាប់ពីខ្ទាតចេញពីរថយន្ត ហើយរថយន្តខូចខាតធ្ងន់ធ្ងរ។ចំណែកឯរថយន្ត​ធុនធំ​នោះមិនស្គាល់ភិន បានបើករត់គេច​បាត់​ តែសមត្ថកិច្ចនគរបាលបាននឹងកំពុងស្រាវជ្រាវស៊ើបអង្កេតបន្ត ។

នាយរងការិយាល័យនគរបាលចរាចរណ៍បន្តថា ៖ មូលហេតុ​នៃគ្រោះថ្នាក់នោះមកពីអ្នកបើកបររថយន្តតូចបើកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន​ ហើយសង្ស័យស្ថិតក្រោមឥទ្ធពលនៃគ្រឿងស្រវឹង ។

អ្នកស្រី ពែក សុភួង នាយិកាវិទ្យាល័យអូរអំបិល ក្រុងសិរីសោភ័ណអោយដឹងថា ៖ ជនរងគ្រោះនោះគឺស្វាមីរបស់អ្នកស្រី លោកសាស្ត្រាចារ្យ សំ សុខា អាយុ៥០ឆ្នាំ បង្រៀននៅវិទ្យាល័យជប់វារី ស្រុកព្រះនេត្រ​ព្រះ និងធ្វើការក្រៅម៉ោងរដ្ឋជានាយករងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច(UME) សាខាខេត្តបន្ទាយមានជ័យ។មុនពេលកើតហេតុស្វាមីរបស់គាត់បានមកបង្រៀននៅវិទ្យាល័យជប់វារី ហើយចូលរួមកម្មវិធីមិត្តភក្តិ លុះពេលយប់ក៏ត្រឡប់មកគេហដ្ឋានវិញ ហើយជួបគ្រោះថ្នាក់ដូច្នេះ ។ភរិយា បងប្អូន សាច់ញាតិមិត្ត មិត្តរួមអាជីព សិស្ស និស្សិត មន្ត្រីអប់រំ និងអាជ្ញាធរមានសមត្ថកិច្ចចាត់ទុកមរណភាពលោកសាស្ត្រាចារ្យសំ សុខា ជាបាត់បង់អ្នកជាតិស្រឡាញ់ និងធនធានមនុស្សដ៏ល្អប្រពៃម្នាក់ បច្ចុប្បន្នសពត្រូវបានរៀបចំធ្វើបុណ្យនៅគេហដ្ឋាន ស្ថិតក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ៕