ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បុរសម្នាក់ស្លាប់និងម្នាក់ទៀតរបួសស្រាលខណៈបើកម៉ូតូវ៉ាជែងម៉ូតូមួយគ្រឿងទៀតនៅខាងមុខមិនផុតជ្រុលទៅបុករថយន្ដបើកច្រាស់ទិសគ្នាពេញមួយទំហឹង

កណ្ដាលៈ បុរសម្នាក់រងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យរីឯម្នាក់ទៀតរងរបួសស្រាល ខណៈដែលជនរងគ្រោះទាំង២នាក់ខាងលើនេះ បើក ម៉ូតូឌុបគ្នាវ៉ាជែងម៉ូតូមួយគ្រឿងបើកនៅខាងមុខស្របគ្នា មិនប្រយ័ត្ន ជ្រុលទៅបុក រថយន្ដមួយគ្រឿងបើកច្រាស់ទិសគ្នាពេញមួយទំហឹង កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ លើកំណាត់ផ្លូវលេខ៧០A ស្ថិតក្នុងភូមិរការកោង ឃុំរការកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ អាត សុភ័ត្រា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកជ្រៅ ឃុំរការកោង២ ស្រុកមុខកំពូលខេត្តកណ្ដាល(ជាអ្នករួមដំណើរ) និងជនរងគ្រោះម្នាក់ទៀតរងរបួសស្រាលឈ្មោះ ស៊ឹម ដារ៉ូ ភេទប្រុស អាយុ២០ឆ្នាំ ជាកសិករ មានទីលំនៅភូមិពោធិរលំ ឃុំរការកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ125 ពណ៌ខ្មៅស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខកំពង់ស្ពឺ 1G-5968។ ចំណែកភាគីខាងរថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខកំពង់ចាម 3A- 4270 អ្នកបើកបរពុំស្គាល់អត្ដសញ្ញាណរត់គេចបាត់ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះទាំង២នាក់ បើកបរម៉ូតូឌុបគ្នា តាមបណ្ដោយផ្លូវលេខ៧០A ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏បន្ថែមល្បឿនវ៉ាជែងម៉ូតូមួយគ្រឿងបើកនៅខាងមុខ តែវាមិនផុត ក៏បានជ្រុលទៅបុកជាមួយរថយន្ដធុនធំ ប្រភេទបែនពេញមួយទំហឹងបណ្ដាឲ្យជនរងគ្រោះជារួមដំណើរពីក្រោយរងរបួសធ្ងន់ រីឯជនរងគ្រោះជាអ្នកបើកបរម៉ូតូរងរបួសស្រាល ។ ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនសង្រ្គោះបន្ទាន់នៅមន្ទីរពេទ តែជាអកុសល ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ អាត សុភ័ត្រា បានដាច់ខ្យល់ស្លាប់ខណៈដល់មន្ទីរពេទ្យ ។
ចំណែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបាននគរបាលជំនាញចរាចរណ៍ ចុះធ្វើការវាស់វែង និងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕