ព័ត៌មានក្នុងប្រទេស

ឯកឧត្ដម ម៉ែន វិបុល​ បានដឹកនាំគណៈប្រតិភូទៅជូនពរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាម នៅខេត្តឡុងអាន

ខេត្តស្វាយរៀង​៖​ នៅថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ តបតាមការអញ្ជើញរបស់គណៈកម្មាធិការប្រជាជនខេត្តឡុងអាន នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានដឹកនាំគណៈប្រតិភូខេត្ត រួមមានឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំងបី តំណាងសភាពាណិជ្ជកម្មខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាព អភិបាលស្រុកជាប់ព្រំដែន និងបណ្ដាសមត្ថកិច្ចឈរជើងនៅតាមព្រំដែនខេត្តទាំងពីរស្វាយរៀង-ឡុងអាន អញ្ជើញចូលរួមក្នុងពិធីអបអរសាទរជូនពរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាម នៅខេត្តឡុងអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានកត់សម្គាល់ពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការដែលកើតចេញពីការរួមចំណែករបស់អាជ្ញាធរ និងភាគីពាក់ព័ន្ធ នៃខេត្តទាំងពីរ និងជឿជាក់ថា ឆ្នាំថ្មី ឆ្នាំ២០២០ ទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការនេះ នឹងកាន់តែល្អប្រសើរទ្វេឡើង ដើម្បីភាពសុខសាន្ត និងការរីកចម្រើនទាំងផ្នែកជីវភាពរបស់ប្រជាជន និងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងខេត្តទាំងពីរ ព្រមទាំងជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និងប្រជាជនខេត្តឡុងអាន ក្នុងឱកាសឆ្នាំថ្មីនេះផងដែរ ។

ជាចុងបញ្ចប់ ភាគីទាំងពីរក៏បានផ្លាស់ប្ដូរវត្ថុអនុស្សាវរីយ៍គ្ក្ស្ត្អនុស្សាវរីយ៍គ្នាទៅវិញទៅមក​ សាមគ្គីភាព និងស្និទ្ធស្នាល​បំផុត ៕