ព័ត៌មានក្នុងប្រទេស

ថវិកាចំនួន២០ម៉ឺនដុល្លារដែលទទួលបានពីការបរិច្ចាគពីសប្បុរសជនទៅផ្តល់ជូនគ្រួសារសព ចំនួន ៤នាក់ដែលរងគ្រោះក្នុងឧបទ្ទវហេតុបាក់រលំអគារកម្ពស់៧ជាន់នៅខេត្តកែប

ខេត្តស្វាយរៀង​៖​ នារសៀលថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមករាឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមនិងឯកឧត្ដមអភិបាលរងខេត្ត អភិបាលស្រុករមាសហែក និងលោកមេឃុំសម្បត្តិមានជ័យ បានអញ្ជើញចូលរួមជាមួយឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាំយកថវិកាចំនួន ២០ម៉ឺនដុល្លារ ដែលទទួលបានពីការបរិច្ចាគពីសប្បុរសជនទៅផ្តល់ជូនគ្រួសារសព ចំនួន ៤នាក់ ដែលរងគ្រោះក្នុងឧបទ្ទវហេតុបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តកែប កាលពីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០កន្លងទៅ ហើយពិធីប្រគល់ថវិកានេះស្ថិតនៅធនាគាអេស៉ីលីដា ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ឯកឧត្តម សេង ទៀង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់អំពាវនាវដល់សប្បុរសជន និងគិតគូរចំពោះប្រជាពលរដ្ឋដែលរងគ្រោះ ដោយអគារបាក់រលំនៅខេត្តកែប កាលល្ងាចពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ។

គួរជម្រាបថា ករណីបាក់រលំអគារកម្ពស់ ៧ជាន់ នៅក្នុងខេត្តកែប បានបណ្តាលឱ្យមនុស្សរងគ្រោះនិងបាត់បង់ជីវិតសរុប ៥៩នាក់ (ស្រី២២នាក់) ក្នុងនោះបាត់បង់ជីវិតចំនួន៣៦នាក់ (ស្រី១៤នាក់) ហើយក្នុងចំណោមជនរងគ្រោះទាំងអស់ មានបងប្អូនកម្មការិនី និងគ្រួសារមកពីខេត្តស្វាយរៀង បានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុនេះ ចំនួន ៤នាក់ រួមមាន ១-ប្អូនស្រី ជ័យ ភន  ២-ប្អូនស្រី ជ័យ ផន ៣-ប្អូនស្រី ជ័យ ភាស់ ៤-ក្មួយស្រី ទួន រ៉ាវី ដែលអ្នកទាំងបួនរស់នៅភូមិចំការកោះ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ៕