ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ក្រសួងអប់រំយុវជន និងកីឡា បានចុះវាយតម្លៃលើកទី១ គ្រូបង្រៀនល្អ ទទួលពានរង្វាន់ “សម្តេចតេជោសែន” នៅសាលាបឋមសិក្សាគំរូក្រុង និងសាលាបឋមសិក្សាអនុវត្ត ក្នុងខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ គណៈកម្មការវាយតម្លៃថ្នាក់ជាតិ របស់ក្រសួងអប់រំ យុវជន និងកីឡា បានចុះវាយតម្លៃគ្រូល្អ ដើម្បីទទួលពានរង្វាន់”សម្តេចតេជោសែន” នៅសាលាបឋមសិក្សាគំរូក្រុង និងសាលាបឋមសិក្សាអនុវត្ត ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។ ការចុះវាយតម្លៃលើកទី១ គ្រូបង្រៀនល្អ ក្នុងឆ្នាំសិក្សា២០១៨-២០១៩នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ពុត សាមិត្ត អគ្គនាយកអប់រំ លោក គិត មីនារិទ្ធ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។

ដោយមានការអញ្ជើញចូលរួមពីលោកប្រធាននាយកដ្ឋានធានាគុណភាពអប់រំ, លោកប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងវិក្រឹតការ, លោកអនុប្រធាននាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា, លោកអនុប្រធានការិយាល័យវិទ្យាសាស្រ្តជាតិអប់រំ, លោកស្រីអនុប្រធានការិយាល័យ នាយកដ្ឋានមធ្យមសិក្សា និងមន្ត្រីនាយកដ្ឋានបឋមសិក្សា, លោកគ្រូ អ្នកគ្រូ មកពីមន្ទីរ និងសាលាបឋមទាំងពីរចូលរួមផងដែរ។

គូសបញ្ជាក់ផងដែរថា៖ ពានរង្វាន់ក្នុងឆ្នាំនេះមានឈ្មោះ “ពានសម្តេចតេជោសែន” សម្រាប់គ្រូល្អប្រចាំប្រទេសកម្ពុជា។ ក្នុងពេលចុះវាយតម្លៃនេះ ឯកឧត្តម លោក លោកស្រី ដែលជាគណៈកម្មការវាយតម្លៃថ្នាក់ជាតិ របស់ក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងលើកទឹកចិត្តខ្ពស់ដល់សាលាបឋមសិក្សា ដែលបានចុះមកវាតម្លៃនៅក្នុងខេត្តកំពង់ឆ្នាំង ពោលគឺមានការរៀបចំសោភ័ណភាពបានល្អ ព្រមទាំងមានគុណភាពក្នុងការសិក្សា ៕