ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទប៉ុនប៉ងមនុស្សឃាត

ខេត្តបន្ទាយមានជ័យ ៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទប៉ុនប៉ងមនុស្សឃាតទៅលើជនរងគ្រោះជាស្រ្តី ក្នុងក្រុងប៉ោយប៉ែត ដោយជនសង្ស័យបានយកសាំងមួយដបជះចូលផ្ទះ ព្រមទាំងលើខ្លួនជនរងគ្រោះ បំរ៉ុងនឹងដុតទាំងរស់។

ក្រោយបានទទួលបានបណ្តឹងតាមទូរស័ព្ទពីជនរងគ្រោះឈ្មោះ ជ្រិង ចន្ធូ ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថាមានបទល្មើសប៉ុនប៉ងធ្វើឃាតមកលើខ្លួន កាលវេលាម៉ោង១១និង៣០នាទី ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០នេះ ដោយយកសាំងមួយដបជះចូលក្នុងផ្ទះ ព្រមទាំងលើខ្លូនរបស់គាត់ហើយបម្រុងដុតមកលើគាត់។

ភ្លាមៗនោះកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះធ្វើប្រតិបត្តិការឃាត់ខ្លួនបានជនសង្ស័យ១នាក់ភ្លាមៗឈ្មោះ អន ម៉ាឡា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅមណ្ឌល៦ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបានបញ្ជូនមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំឯកសារបញ្ជូនបន្តមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីបន្តនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលការងារយុត្តធម៌បានឱ្យដឹងថា ដោយបានការអនុញ្ញាតិពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងជំនាញបទល្មើព្រហ្មទណ្ឌបានសាកសួរចម្លើយរកឃើញថា ជនសង្ស័យខាងលើពិតជាបានប្រព្រឹត្តបទល្មើសប៉ុនប៉ងមនុស្សឃាតពិតប្រាកដមែន ដោយសារជនសង្ស័យធ្លាប់មានគំនុំជាមួយប្ដីជនគ្រោះដែលជាអ្នកលក់ថ្នាំពេទ្យឱ្យជនសង្ស័យយកទៅព្យាបាលមិនជា។ ដោយផ្អែកលើមានពាក្យបណ្ដឹង និងចម្លើយសារភាពរបស់ជនសង្ស័យ គឺមានភាពស៊ីសង្វាក់គ្នាបញ្ជាក់ថា ជនសង្ស័យឈ្មោះ អន ម៉ាឡា ពិតជាបានប្រព្រឹត្តបទល្មើសប៉ុនប៉ងមនុស្សឃាតទៅលើជនរងគ្រោះពិតប្រាកដមែន បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕