ព័ត៌មានក្នុងប្រទេស

កិច្ចប្រជុំស្តីពីការធានានិរន្តរភាពការងាររដ្ឋបាលនិងការផ្តល់សេវាក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ក្នុងខេត្តស្វាយរៀង

ខេត្តស្វាយរៀង​៖​ នាព្រឹកថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះនៅសាលប្រជុំ​ អគារ ខ សាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការធានានិរន្តរភាពការងាររដ្ឋបាល និងការផ្តល់សេវាក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ក្នុងខេត្តស្វាយរៀង និងការពិនិត្យ ពិភាក្សាលើសំណើ និងសំណុំឯកសារនៃការធ្វើសមាហរណកម្មបុគ្គលិកទៅក្នុងរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង ស្រុក ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកលោកស្រីប្រធានមន្ទីរ ដែលជាសមាជិកក្រុមការងារដើម្បីគាំទ្រ និងសម្របសម្រួលដល់ដំណើរការសមាហរណកម្មបុគ្គលិកទៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ថ្នាក់ខេត្ត លោកអភិបាលក្រុង ស្រុក លោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត លោកនាយករដ្ឋបាលសាលាក្រុង ស្រុក និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានលើកឡើងអំពីគោលបំណង នៃកិច្ចប្រជុំនេះ គឺដើម្បីរួមគ្នាពិនិត្យទៅលើសំណើ និងសំណុំឯកសារនៃការធ្វើសមាហរណកម្មបុគ្គលិកទៅក្នុងរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង ស្រុក ធ្វើយ៉ាងណាឲ្យសំណើនេះធានាបាននូវភាពសុក្រឹត្យ និងត្រឹមត្រូវស្របតាមគោលការណ៍ទាំង៤ នៃការធ្វើសមាហរណកម្ម ព្រមទាំងដើម្បីធានាឲ្យបាននូវនិរន្តរភាព តម្លាភាព និងប្រសិទ្ធភាពការងារ ជាពិសេសការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈនានាជូនដល់ប្រជាពលរដ្ឋនៅក្នុងដំណើរការធ្វើសមាហរណកម្មរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ស្របតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃលេខ ០៥៥ សណន ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ដែលបានដាក់ចេញតម្រូវឲ្យរដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ ការិយាល័យ និងអង្គភាពជំនាញទាំងអស់ សហការគ្នាធ្វើការកត់ត្រានូវការផ្ទេរ និងការទទួលយកនូវសិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវទាំងអស់លើកិច្ចការ និងឯកសារ រួមទាំង កម្មសិទ្ធិ ទ្រព្យសម្បត្ដិ ចំណូល ចំណាយ បំណុល និងថវិកាពីការិយាល័យ អង្គភាពជំនាញនានាបច្ចុប្បន្ន ឲ្យមកការិយាល័យអង្គភាពនៃរដ្ឋបាលក្រុង ស្រុក តាមរចនាសម្ព័ន្ធថ្មី ដើម្បីបន្តគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ ៕