ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្ដម ស សុខា អញ្ជេីញចូលរួមជាកត្តិយសប្រគល់លិខិតសរសេីរ ជូននិស្សិតពូកែ និងពិសារអាហារសាមគ្គី ជាមួយសាស្រ្តាចារ្យ និស្សិត របស់សាកលវិទ្យាល័យ មានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្ដម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ មានជ័យ បានអញ្ជេីញចូលរួមជាកត្តិយស ក្នុងពិធីប្រគល់លិខិតសរសេីរ ជូននិស្សិតពូកែ របស់សាកលវិទ្យាល័យ មានជ័យ ឆ្នាំ២០១៨-២០១៩ និងពិសារអាហារសាមគ្គី ជាមួយថ្នាក់ដឹកនាំ និស្សិតសាកលវិទ្យាល័យ មានជ័យ ដេីម្បីត្រៀមអបអរសាទរឆ្នាំសកល ឆ្នាំថ្មី២០២០។

នៅក្នុងពិធីប្រគល់លិខិតសរសេីរ ជូននិស្សិតពូកែនោះ ក៏មានអញ្ជេីញចូលរួមពីសំណាក់លោក ជំទាវ រស់ សុផានី អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត សកលវិទ្យាធិការ សាស្រ្តាចារ្យ និស្សិតបានចូលរួមនារាត្រីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០១៩ នៅបរិវេណសាកលវិទ្យាល័យ មានជ័យ ស្ថិតនៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានមានប្រសាសន៍ កោតសរសើរពីភាពរីកចម្រេីន របស់សាកលវិទ្យាល័យ មានជ័យ ដែលជាសាកលវិទ្យាល័យរបស់រដ្ឋតែមួយគត់នៅក្នុងខេត្តបន្ទាយមានជ័យ ដោយពីមួយឆ្នាំទៅមួយ មាននិស្សិតបានចូលរៀនយ៉ាងច្រេីន ព្រមជាមួយនឹងសាស្ត្រចារ្យ ដែលមានបទពិសោធន៍ខ្ពស់ក្នុងការបង្ហាត់បង្រៀន ។

ជាមួយគ្នានោះដែរឯកឧត្តមក៏បានរំលឹកពីអតីតកាល និងពេលបច្ចុប្បន្ននេះ មានភាពខុសគ្នាឆ្ងាយ ដោយពីសម័យមុនគ្មានសាលារៀនសូត្របានស្រួល រៀនតាមទីវត្តអារាម។ តែបច្ចុប្បន្ន ដោយសារកត្តាសុខសន្តិភាព សម័យកាលមានភាពវិវត្ត ទៅមុខ រីកចម្រើនឥតឈប់ឈរ ក្រោមម្លប់នៃសន្តិភាពនេះហេីយបានធ្វេីឲ្យវិស័យអប់រំមានភាពរីកចម្រេីនខ្លាំងគួឲ្យកត់សម្គាល់ សាលារៀនមានគ្រប់ទិសទី ដែលអាចឲ្យក្មួយសិក្សាបានស្រួល និងបន្តទៅថ្នាក់មហាវិទ្យាល័យ ដោយមិនចាំបាច់ទៅបន្តការសិក្សានៅរាជធានីភ្នំពេញឡេីយ ដោយក្នុងយេីងមានសាកលវិទ្យាល័យ ដែលយេីងអាចជ្រេីសរេីសយកជំនាញសិក្សាបាន យ៉ាងងាយស្រួល។

តែទោះជាយ៉ាងណាក៏ដោយ ឯកឧត្តម ស សុខា ក៏បានលេីកឡេីង ជាមួយនឹងការរីកចម្រេីននេះដែរ យេីងដែលជាទំពាំងស្នងឬស្សី ត្រូវតែស្រលាញ់ និងថែរក្សាសន្តិភាពមួយនេះឲ្យនូវស្ថិតស្ថេរគង់វង្សយូរអង្វែង ធ្វេីជាទំពាំងដែលល្អសម្រាប់ប្រទេសជាតិ របស់យេីង៕