ព័ត៌មានក្នុងប្រទេសសេចក្តីជូនដំណឹងរដ្ឋបាលរាជធានី-ខេត្ត

ស្ពានអាកាសអ្នកដំណើរថ្មើរជើង «SKYWALK» នៅខេត្តកំពង់ស្ពឺរៀបចំសម្ពោធដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ

ខេត្តកំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ មានកត្ដិយស សូមគោរពជម្រាបជូនសាធារណៈជនបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ស្ពឺ មេត្តាជ្រាបថា ៖ កំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៧-៤៨ ត្រង់ចំណុចផ្សារកំពង់ស្ពឺ បច្ចុប្បន្នរដ្ឋបាលសាលាខេត្តកំពង់ស្ពឺបានដំណើរការសាងសង់ស្ពានអាកាសថ្មើរជើង «SKYWALK» ឆ្លងកាត់ផ្លូវជាតិលេខ៤ គិតមកដល់ពេលនេះគឺរួចរាល់១០០% ដែលនឹងសម្ពោធដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការ នៅព្រឹកថៃ្ងទី២៩ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ។

នៅព្រឹកថៃ្ងអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០១៩ ចាប់ពីវេលាម៉ោង០៦:៣០នាទីព្រឹក រហូតដល់វេលាម៉ោង១១:៣០នាទី រដ្ឋបាលសាលាខេត្តកំពង់ស្ពឺបានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសអ្នកដំណើរថ្មើរជើង «SKYWALK» អាស្រ័យហេតុនេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមគោរពជម្រាបជាដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ស្ពឺ សូមមេត្ដាយោគយល់ និងជ្រាប។ ពិសេសនគរបាលចរាចរណ៍បានកំណត់ផ្លូវវាងនៅចំណុចភ្លើងស្តុបចំនួនពីរកន្លែងស្ថិតលើកំណាត់ផ្លូវជាតិលេខ៤ មានដូចខាងក្រោម ៖

អ្នកដំណើរ

+ពីទិសខាងកើតឆ្ពោះទៅទិសខាងលិច ចំណុចភ្លើងស្តុបមុខមន្ទីរសាធារណៈការខេត្ដកំពង់ស្ពឺ មានផ្លូវវាងបត់ឆ្វេងដៃឡើងទៅកាត់មុខពន្ធនាគារខេត្ដ ស្របតាមផ្លូវមុខរដ្ឋបាលខេត្ដកំពង់ស្ពឺ មុខស្នាក់ការគណបក្សប្រជាជនកម្ពុជា រង្វង់មូលវិមានឯករាជ្យបត់ស្ដាំដៃ ឆ្ពោះមកស្ពានថ្មថ្មីឡើងមកផ្លូវជាតិលេខ៤ ចំណុចភ្លើងស្ដុបផ្លូវបំបែកច្បារមន ចន្លោះគីឡូម៉ែត្រលេខ៤៨-៤៩តែម្ដង។

+ពីទិសខាងលិចឆ្ពោះទៅទិសខាងកើត បត់ស្ដាំដៃត្រង់ចំណុចភ្លើងស្តុបច្បារមនគីឡូម៉ែត្រលេខ៤៨-៤៩ តាមស្ពានថ្មីសំដៅមកវិមានឯករាជ្យ បត់ស្ដាំតាមផ្លូវបេតុងមុខពន្ធនាគារខេត្ដ រួចបត់ឆ្វេងដៃឡើងមកតាមស្ពានថ្មថ្មីឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤តែម្ដង។

ទន្ទឹមនឹងនេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់ និងចូលរួមសហការជាមួយសមត្ថកិច្ចនគរបាលចរាចរណ៍ដែលនៅឈរជើងលើគោលដៅបញ្ជាចរាចរណ៍ជូនបងប្អូន សម្រួលការធ្វើដំណើរឆ្លងកាត់ឲ្យមានសុវត្ថិភាពខ្ពស់សូមអរគុណ…!