ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ផ្ទះប្រជាពលរដ្ឋ១ខ្នងនៅស្រុកពាមជរ ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង

ខេត្តព្រៃវែង ៖ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង២៥នាទី នៅចំណុចភូមិខ្សាច់ ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង ដែលម្ចាស់ផ្ទះមានឈ្មោះ ខាត់ នី ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិឃុំខាងលើ។ ម្ចាស់ផ្ទះរងគ្រោះចំណាកស្រុកទៅរកស៊ីទាំងគ្រួសារ បានផ្ញើផ្ទះអោយឈ្មោះ មុត មាន អាយុ៤០ឆ្នាំ ត្រូវជាប្អូនបង្កើត នៅផ្ទះក្បែរគ្នាអោយជួយមើលថែ។

ផ្ទះមានទំហំ ៩ម៉ែត្រ x ១១ម៉ែត្រ ជើងបេតុង សសរឈើ ដំបូលប្រកស៊ីប្រូ ជញ្ជាំងស័ង្កសី និងសម្ភារប្រើប្រាស់ក្នុងផ្ទះត្រូវអគ្គិភ័យឆាបឆេះទាំងស្រុង សរុបការខូចខាតជាទឹកប្រាក់ប្រហែល ៣០លានរៀល។

តាមការវាយតម្លៃ និងសន្និដ្ឋាន របស់ប្រជាពលរដ្ឋ និងសមត្ថកិច្ច មូលហេតុដែលបណ្ដាលអោយមានគ្រោះអគ្គិភ័យនេះសង្ស័យមកពីភ្លើងចង្ក្រាន។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវបន្តពីមូលហេតុដែលបណ្តាលអោយមានគ្រោះអគ្គិភ័យនេះ។