ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរកម្ពុជា លើកទី១ ឆ្នាំ២០២០

ខេត្តកែប៖ ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំដើម្បីត្រៀមទទួលព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ ដែលនឹងប្រព្រឹត្តទៅនៅដើមខែមករា ឆ្នាំ២០២០។ កិច្ចប្រជុំបានធ្វើឡើងនៅសាលប្រជុំធំស្នងការដ្ឋាននគរបាលខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានអង្គរក្ស ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អមដំណើរគណៈអធិបតី ឯកឧត្តមតំណាងរដ្ឋបាលខេត្តទាំង៤ខេត្ត (កោះកុង ព្រះសីហនុ កំពត កែប) លោកឧត្តមសេនីយ៍ ស្នងការ និងតំណាងស្នងការខេត្តទាំង៣ និងបណ្តាអង្គភាព ស្ថាប័នពាក់ព័ន្ធសរុបចំនួន៩៥នាក់។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរង មានប្រសាសន៍ទៅកាន់អង្គប្រជុំថា ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនឹងធ្វើឡើងក្នុងរយៈពេលបីថ្ងៃចម្ងាយផ្លូវ៤៧៤គីឡូម៉ែត្រ៖ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ការប្រណាំងនឹងចាប់ចេញដំណើរពីតារាសាគរឆ្ពោះទៅខេត្តកោះកុងដោយបញ្ចប់នៅមុខសាលាខេត្តកោះកុង។ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ចាប់ចេញដំណើរពីរង្វង់មូលសាយភូ ថងកាត់តាមវាលរេញចុះមកកាន់ផ្លូវជាតិលេខ៣ រួចឡើងទៅកំពូលភ្នំបូកគោ។
ថ្ងៃទី៦ ខែឆ្នាំ ដដែល ជាថ្ងៃចុងក្រោយ ក្រុមកីឡាករត្រូវចេញដំណើរពីជើងភ្នំបូកគោកាត់តាមរង្វង់មូលរូបសំណាកផ្លែទុរេនក្រុងកំពត និងបន្តតាមផ្លូវជាតិលេខ៣៣ សំដៅទៅខេត្តកែបដោយជិះព័ទ្ធជុំវិញភ្នំកែប លើផ្លូវជាតិលេខ៣៣ និង៣៣A ចំនួនប្រាំជុំផ្តាច់ព្រ័តនៅមុខសាលាខេត្តកែប។ ព្រឹត្តិការណ៍ប្រណាំងកង់នេះ គឺ​ជាការលើក​កិត្យានុភាព​ជាតិ​ និង​កិត្តិយស​ប្រទេស​ជាតិ​ ដោយ​ត្រូវ​ធានា​ឲ្យ​បាន​ដាច់ខាត​នូវ​ សន្តិសុខ​ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ​ នៃ​ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក លើកទី១ និង​ធានា​ការពារ​ឲ្យ​បានជូន​ឥស្សរជន​ជាន់ខ្ពស់​ជាតិ​-​អន្តរជាតិ​ ព្រមទាំង​គណៈប្រតិភូ​ កីឡាក ដែល​អញ្ជើញ​ចូលរួម​ក្នុង​ក្នុងព្រឹត្តិការណ៍ខាងលើនេះ ឱ្យបានជោគជ័យ៕