រដ្ឋបាលរាជធានី-ខេត្ត

មន្រ្តីកាំកុងត្រូលខេត្តប៉ៃលិន បង្កើនការត្រួតពិនិត្យទំនិញ និងណែនាំដល់អាជីវករដែលតាំងលក់នៅតាមតូបនានា

ខេត្តប៉ៃលិន៖ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ លោក ឈឹម វាសនា ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន ដឹកនាំមន្រ្តីជំនាញ សហការជាមួយមន្ទីរពាណិជ្ជកម្ម ខេត្តបានបន្តចុះ ត្រួត ពិនិត្យ និងណែនាំដល់អាជីវករនានាដែលតាំងលក់នៅតាមតូបអំពីការទប់ស្កាត់ទំនិញហួសសុពលភាព ខូចគុណភាព លើចំនីអារហារបរិភោគដើម្បីលើកកម្ពស់សុខមាលភាព អ្នកប្រើប្រាស់ ស្ថិតនៅផ្សាប៉ាហ៊ី ភូមិប៉ាហ៊ី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
លោក ឈឹម វាសនា ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថាការទប់ស្កាត់ និងត្រួតពិនិត្យរកទំនិញ គ្មានគុណភាព ហួសកាលបរិច្ឆេទកំណត់ និងប្រើប្រាស់ជាតិគីមី គឺធ្វើឡើងដោយគ្មានកាលកំណត់នោះឡើយ ដើម្បីទប់ស្កាត់ឲ្យបានកាន់តែខ្ពស់ចំពោះការចរាចរណ៍ទំនិញខូចគុណភាព និងគ្មានច្បាប់អនុញ្ញាតនៅលើទីផ្សារ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។ លោកបានបន្តថា៖ ទំនិញដែលមន្រ្តីរបស់លោកតែងធ្វើសកម្មភាពពិនិត្យជាប្រចាំ គឺពិនិត្យទៅកាលបរិច្ឆេទ លើសំបកវិចខ្ចប់ រួមទាំងពិនិត្យរកសារជាតិគីមីនៅលើបន្លែត្រីសាច់ ជាដើម ដើម្បីចូលរួមចំណែកទប់ស្កាត់ចរាចរណ៍ទំនិញដែលខូចគុណភាព និងមានសារធាតុគីមី ជាពិសេសបានធ្វើការពន្យល់ណែនាំដល់ ពលរដ្ឋនិងអាជីវករទាំងអស់ឲ្យបានយល់ដឹងពីប្រភេទទំនិញ ដែលគ្មានគុណភាពផងដែរ។លោកលើកឡើងថា៖អគ្គនាយកកាំកុងត្រូល បានដើរតួរនាទីសំខាន់ ក្នុងការទប់ស្កាត់ និង  បង្រា្កបការលបលួចនាំចូល ការផលិត ការចែកចាយ ម្ហូបអាហារពុំមានសុវត្ថិភាព ដែលជនខិលខូច  និងអប់រំផ្សព្វផ្សាយជាសាធារណៈ នូវចំណេះដឹងជាមូលដ្ឋានអំពី សុវត្ថិភាពម្ហូបអាហារ ដូច្នេះហើយសូមអោយ បងប្អូនអាជីវករ លក់នៅតាមបណ្តាតូបនានា មេត្តាសហការជាមួយសមត្ថកិច្ច និងកុំគិតតែផលចំណេញជាធំ និងសុំអោយទាំងអស់ គ្នារួមគ្នាទទួលខុសត្រូវចំពោះមុខច្បាប់ និងគោរពបទដ្ឋានបច្ចេកទេស ក្នុងការផ្គត់ផ្គង់ម្ហូប អាហារលើទីផ្សារ។ទន្ទឹមនឹងនេះលោកក៍បានសំនូមពរដល់អាជីវករទាំងអស់ និងអ្នកប្រើប្រាស់ ត្រូវរួមគ្នាលុបបំបាត់ការដាក់តាំងលក់ និងប្រើប្រាស់ទំនិញ ខូចគុណភាព ឬទំនិញប្រើប្រាស់សារធាតុគីមី ព្រោះវាបានបង្ករផលប៉ះពាល់ខ្លាំងសម្រាប់សុខភាព និងរស់នៅជីវភាពប្រចាំថ្ងៃ។
សូមបញ្ជាក់ថា៖ ក្នុងការចុះត្រួតពិនិត្យទំនិញនាឱកាសនោះ មន្ត្រីសាខាកាំកុងត្រូលខេត្ត បានដកហូតទំនិញហួសសុពលភាព និងខូចគុណភាព ១៤គីឡូក្រាម រួមមាន៖ ស្ករគ្រាប់១០៦ កញ្ចប់ ដើម្បីយកទៅកម្ទេចចោល។