ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្នងការដ្ឋានគរបាលខេត្តកណ្តាលបើកប្រជុំផ្សព្វផ្សាយយន្តការប្រលងជ្រើសរើសបេក្ខភាពឲ្យចូលបំរើការងារក្នុងក្របខ័ណ្ឌនគរបាលជាតិ

កណ្តាលៈ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការរៀបចំយន្តការប្រលងជ្រើសរើសបេក្ខភាពឲ្យចូលបំរើការងារក្នុងក្របខ័ណ្ឌនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សម្រាប់ក្របខ័ណ្ឌ ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ស្មាន់ សារៀន អនុប្រធាននាយកដ្ឋានបុគ្គលិក និងមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ,លោកឧត្តមសេនីយ៍ត្រី ស្រៀង សុភី អនុប្រធានមន្ទីរចាត់ការ ,លោកវរសេនីយ៍ឯក សេង គឹមឃន ស្នងការរងទទួលផែនការងារធនធានមនុស្ស ,ក្រុមការងារការិយាល័យបុគ្គលិកខេត្ត និងមន្ត្រីនគរបាលដែលមានតួនាទីជាអនុរក្សជាច្រើនរូបទៀត ។
ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានថ្លែងថាដំណើរការប្រលង ជ្រើសរើសបេក្ខភាពឲ្យចូលបំរើការងារ ក្នុងក្របខ័ណ្ឌនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សម្រាប់ក្របខ័ណ្ឌ ឆ្នាំ២០១៩ ជ្រើសរើសយកតែ១៣៦កន្លែង (១៣៦នាក់) និងប្រព្រឹត្តទៅនាព្រឹកថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ដោយមានបេក្ខជនដាក់ពាក្យចូលរួមប្រលងសរុប៣៩៧នាក់/ស្រី១០៥នាក់ ។
លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានបន្តថា នៅក្នុងមណ្ឌលប្រលងយើងបានរៀបចំមន្ត្រីនគរបាល អោយធ្វើជាអនុរក្សត្រួតពិនិត្យមានចំនួន៣២រូប សហការជាមួយលោកនាយកសាលា និងលោកគ្រូ-អ្នក គ្រូ ជាច្រើនរូបទៀត ។ ដូច្នេះមន្ត្រីនគរបាល ដែលមានតួនាទីជា អនុរក្សមណ្ឌលប្រលង ត្រូវយកចិត្តទុកដាក់ស្តាប់ការពន្យល់ ណែនាំពីបច្ចេកទេសរៀបចំយន្តការប្រលងជ្រើសរើស របស់នាយកដ្ឋានបុគ្គលិក និងក្រសួងមហាផ្ទៃ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្មាន់ សារៀន អនុប្រធាននាយកដ្ឋានបុគ្គលិក បានថ្លែងទៅកាន់មន្ត្រីនគរបាល ដែលមានតួនាទីជា អនុរក្សមណ្ឌលប្រលងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យទៅលើបេក្ខជន មិនត្រូវអោយបេក្ខមានទូរស័ព្ទដៃ អាយផេត និងក្រដាស់ប្រយុងចូលក្នុងបន្ទប់ប្រលងជាដាច់ខាត ។ ដោយឡែកមន្ត្រីអនុរក្សផ្ទាល់ ក៏មិនអនុញ្ញតអោយកាន់ទូរស័ព្ទដៃ អាយផេត ចូលក្នុងបន្ទប់ប្រលងដែរ ជៀសវាងកើតមានកំហុសណាមួយដោយមិនដឹងខ្លួន ។ ក្រៅពីការងារទាំងអស់នេះ មន្ត្រីអនុរក្សមានតួនាទីត្រួតពិនិត្យ និងណែនាំទៅលើបក្ខជន ឲ្យបំពេញឈ្មោះ លេខតុ លេខបន្ទប់ និងចុះហត្ថលេខាអោយបានត្រឹមត្រូវផងដែរ ។
ក្រោយមានមានមតិណែនាំ និងផ្តាំផ្ញើរួចមក ឯកឧត្តម អនុប្រធាននាយកដ្ឋានបុគ្គលិក ក៏បានប្រគល់ហិបវិញ្ញាសាជូនដល់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន រក្សាទុកសម្រាប់បើកដាក់ឲ្យបេក្ខជនប្រលងនៅថ្ងៃស្អែក ៕