ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តសៀមរាបចូលរួមលំហាត់សមយុទ្ធទ្រង់ទ្រាយធំគ្រប់គ្រងគ្រោះអាសន្នប្រចាំឆ្នាំ Full Scale Airport_Emergency Exercise

សៀមរាប ៖ ថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងការិយាល័យ បានចូលរួមលំហាត់សមយុទ្ធទ្រង់ទ្រាយធំគ្រប់គ្រងគ្រោះអាសន្នប្រចាំឆ្នាំ Full Scale Airport_Emergency Exercise ដែលមានឈ្មោះ REPEX-19 នៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដោយមានវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមទាំង ឯកឧត្តម អស់លោក លោកស្រី ជាមេបញ្ជាការកងទ័ពអាកាស អនុប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ មេបញ្ជាការរងយោធភូមិភាគទី៤ គណៈអភិបាលខេត្ត តំបន់ប្រតិបត្តិការសឹករងសៀមរាប កងរាជអាវុធហត្ថខេត្ត ស្នងការរងនគរបាលខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានអាកាសយានដ្ឋានអន្តរជាតិសៀមរាប ក្រុមហ៊ុនអាកាសចរ រួមទាំងក្រុមគ្រូពេទ្យ ក្រុមកំចាត់មីនស៊ីម៉ាក់ និងកងកម្លាំងជួយសង្គ្រោះជាច្រើនផងដែរ ។

តាមសេចក្តីរាយការណ៍របស់គណ:កម្មការរៀបចំ បានឲ្យដឹងថា យន្តហោះរងគ្រោះនេះ មានអ្នកដំណើរជិះលើយន្តហោះ ចំនួន៧៤នាក់ ត្រូវបានទទួលរងគ្រោះថ្នាក់ទាំងអស់ និង ហើយអ្នកដែលទៅជួយសង្គ្រោះម្នាក់ក៏ត្រូវបានរងរបួសផងដែរ ។ ក្នុងនោះមានរបួស:
-អាទិភាពទី ១ ចំនួន ១៤នាក់
-អាទិភាពទី ២ ចំនួន ១៦នាក់
-អាទិភាពទី ៣ ចំនួន ៣៧នាក់ និងស្លាប់ចំនួន ២១នាក់ ។
ក្នុងចំណាត់ការនោះ អ្នករងរបួសត្រូវបានក្រុមការងារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរដ្ឋ និងឯកជនក្នុងខេត្ត និង បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញចំនួន ៣នាក់ផងដែរ ។

លំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ បានរៀបចំឡើងក្នុងរយៈពេល ០២ឆ្នាំម្ដង ដោយអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប និង រដ្ឋបាលខេត្តសៀមរាប ដែលមានស្ថាប័នពាក់ព័ន្ធជិត ៣០០នាក់បានចូលរួម រួមមាន:
កម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប( ការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ១៣ នាក់ , ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៦០ នាក់ ,កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ ១២ នាក់ កម្លាំងការិយាល័នគរបាលអន្តរាគមន៍ ២០នាក់ និងការិយាល័យផ្សព្វផ្សាយអប់រំ ០៥នាក់ ) កងរាជអាវុធហត្ថខេត្ត កងយោធភូមិភាគទី៤ តំបន់ប្រតិបត្តិការសឹករងសៀមរាប ក្រុមកំចាត់មីនស៊ីម៉ាក់ ក្រុមគ្រូពេទ្យរដ្ឋ និង ឯកជន ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន ០២គ្រឿងកងរាជអាវុធហត្ថខេត្ត ចំនួន ០១គ្រឿងអាកាសយានដ្ឋានចំនួន ០២គ្រឿង រថយន្តដឹកកម្លាំង ចំនួន ០៤គ្រឿង(រថយន្តការិ.អន្តរាគមន៍ ០២គ្រឿង និងរថយន្តនគរបាលសណ្តាប់ធ្នាប់ ០២គ្រឿង ) រថយន្តសង្រ្គោះរបស់មន្ទីរពេទ្យខេត្ត ,កងរាជអាវុធហត្ថខេត្ត , មន្ទីរពេទ្យយោធភូមិភាគទី៤ , តំបន់ប្រតិបត្តិការសឹកសៀមរាប និង រថយន្តសង្រ្គោះពេទ្យឯកជនផងដែរ ។

លំហាត់សមយុទ្ធនេះធ្វើឡើង ក្នុងគោលបំណងធ្វើការសាកល្បង ហ្វឹកហ្វឺន និងផ្តល់បទពិសោធន៍ ដល់ស្ថាប័ននានាដែលមានការពាក់ព័ន្ធ សំដៅលើកកម្ពស់ការជួយសង្គ្រោះជនរងគ្រោះឲ្យបានទាន់ពេលវេលា នៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះជាយថាហេតុណាមួយ ។

នៅក្នុងលំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ មានធ្វើការដុតកង់ឡានចាស់ៗ បង្កើតជាអណ្តាតភ្លើង និង ផ្សែងខ្មួលខ្មាញ់ជាសិប្បនិម្មិតនៃការធ្លាក់យន្តហោះ ដោយមានការចល័តរថយន្តពន្លត់អគ្គិភ័យ ការដឹកជញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យនានា ក្នុងក្រុងសៀមរាប ដែលជាប្រធានបទ នៃការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ ៕