រដ្ឋបាលរាជធានី-ខេត្ត

ពិធីសំណេះសំណាលចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ចំនួន២០០គ្រួសារ និងសម្ភោធដាក់ឲ្យដំណើរការជាផ្លូវការការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលស្រុកសៀមប៉ាង

ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង អញ្ជើញជាអធិបតីក្នុងពិធីពិធីសំណេះសំណាល ចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ចំនួន២០០គ្រួសារ និងសម្ភោធដាក់ ឲ្យដំណើរការជាផ្លូវការការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលស្រុកសៀមប៉ាង។ 

ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឈឹម រចនា ទីប្រឹក្សារាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា គណៈអភិបាលស្រុក អាជ្ញាធរមូលដ្ឋាន និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ។

ប្រសាសន៍ឯកឧត្តម ម៉ុម សារឿន ក្នុងពិធីដ៏មានសារៈសំខាន់នេះបានគូសបញ្ជាក់ថា ការិយាល័យច្រក ចេញចូលតែមួយនេះមានតួនាទីសំខាន់ណាស់ក្នុងការផ្តល់សេវាសាធារណៈ ដែលថ្នាក់ជាតិបានប្រតិភូកម្មជូនថ្នាក់ខេត្ត ថ្នាក់ស្រុក ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែងាយស្រួលជាងមុន កាន់តែលឿនជាងមុន មានប្រសិទ្ឋភាពជាងមុន មានតម្លាភាព មិនមានបង់ប្រាក់លើសពីច្បាប់បានកំណត់ជាធរមាន។ ម្យ៉ាងទៀត ក្រោយពីបើកឲ្យដំណើការនូវការិយាល័យច្រកចេញចូលតែមួយនេះប្រជាពលរដ្ឋទាំងអស់មិនចាំបាច់ទៅទទួលសេវាតាមមន្ទីរ ការិយាល័យជំនាញ ឬអង្គភាពជំនាញណាមួយទៀតឡើយ ពោលគឺត្រូវមកទទួលសេវានៅកន្លែងតែមួយនេះហើយធ្វើការបង់ថ្លៃតាមច្បាប់កំណត់ ដូចដែលមានក្នុងតារាងតម្លៃ នៅខាងមុខទីស្នាក់ការច្រក។ 

មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋឯកឧត្តម ម៉ុម សារឿន បានពាំនាំនូវប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ​។ 

នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តម ម៉ុម សារឿន និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្ទឹងត្រែងជូនប្រជាពលរដ្ឋទាំង ២០០គ្រួសារ មកពីឃុំសេកុង ស្រុកសៀមប៉ាង ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១យួរ ភួយ ១ ទឹកស៊ីអ៊ីវ ១យួរ៕