ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ជិះម៉ូតូលឿនដល់ផ្លូវកោង កាច់មិនទាន់បុកបង្កាន់ដៃស្ពានថ្ម ផ្លោងជាង២០ម៉ែត្រ បោកក្បាលស្លាប់ភ្លាមៗ

ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្ន ដល់ចំនុចផ្លូវកោងបុកបង្កាន់ដៃស្ពានថ្ម ផ្លោងទៅមុខប្រមាណជាង២០ម៉ែត្រ បោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នេះបានកើតឡើងនៅវេលាម៉ោង ១២៖២០នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៩ ត្រង់ចំនុចស្ពានកាត់ស្ទឹងចំនុចប្រសព្វរវាងភូមិទ័ពសៀម និងភូមិខ្លែងពណ៌ជើង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកអនុសេនីយ៍ទោ រិន ឡឹប នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្លក្រាម បានឲ្យដឹងថា ៖ នៅវេលាមុនពេលកើតហេតុគេឃើញយុវជនម្នាក់ ឈ្មោះ សេត ជឿន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិទព័សៀម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានជិះម៉ូតូធំមួយគ្រឿងម៉ាក YAMAHA ពណ៌ខៀវ ពាក់ស្លាកលេខ បន្ទាយមានជ័យ ១R ១៩០៧ បើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន (មិនពាក់មួកសុវត្ថិភាព) មកដល់ចំនុចកើតហេតុផ្លូវកោង កាច់មិនទាន់ បានបុកជាមួយបង្កាន់ដៃស្ពានថ្ម ផ្លោងទៅមុខប្រមាណជាង២០ម៉ែត្រ បោកក្បាលស្លាប់ភ្លាមៗ។

ក្រោយពីហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុ រួចបានប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីចាត់ធ្វើបុណ្យតាមប្រពៃណី៕