សកម្មភាពថ្នាក់ដឹកនាំក្រសួងមហាផ្ទៃព័ត៌មានក្នុងប្រទេស

«ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ» លើកទី១៣​

រាជធានីភំ្នពេញ​ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធី «ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ» លើកទី១៣ នារសៀលថ្ងៃព្រហស្បតិ៍ ០១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ។  ដោយមានការចូលរួមពី ព្រះជាគណៈ ព្រះថិរានុត្ថេរៈ សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងស្ថានបេសកកម្មប្រចាំកម្ពុជា តំណាងក្រសួង ស្ថាប័ននានា ក្រុមប្រឹក្សា អភិបាល រាជធានី-ខេត្ត អគ្គស្នងការ មេបញ្ជាការ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ តំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការដៃគូអភិវឌ្ឍន៍ តំណាងអង្គការសង្គមស៊ីវិល ព្រមទាំងតំណាងស្ថាប័ន អង្គភាពពាក់ព័ន្ធជាច្រើន។

ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា អំពើជួញដូរមនុស្ស ជាប្រភេទឧក្រិដ្ឋកម្មឆ្លងដែន ដែលប្រកបដោយគ្រោះថ្នាក់ចំពោះមនុស្ស គ្រប់វ័យ គ្រប់ភេទក្នុងសង្គម ដែលគ្រោះថ្នាក់ជាញឹកញាប់ត្រូវបានរកឃើញក្នុងចំណោមអ្នកធ្វើចំណាកស្រុក ឬទេសន្តរប្រវេសន៍ ដែលស្វែងរកការងារ និងប្រាក់ចំណូល ដែលនៅឆ្ងាយពីទីកន្លែងដែលខ្លួនរស់នៅ។

សម្តេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដល់វិស័យឯកជន ដែលមានកម្មករ ឬពលករបម្រើការក្នុងរោងចក្រ សហគ្រាស និងសេវាកម្មរបស់ខ្លួន សូមពង្រឹងការតាមដាន គ្រប់គ្រង និងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីមានវិធានការ បង្ក្រាប និងផ្តន្ទាទោសឲ្យបានទាន់ពេលវេលាលើជនខិលខូច ដែលបង្កការលំបាក ធ្វើការកេងប្រវ័ញ្ច និងធ្វើអាជីវកម្មលើកម្មករ និងពលករ នៅក្រៅប្រទេសយ៉ាងអមនុស្សធម៌ រហូតក្លាយជាទាសភាពសម័យទំនើប គួរឲ្យស្អប់ខ្ពើមបំផុត។
សម្តេចក្រឡាហោម ក៏បានបញ្ជាក់ពីគោលជំហរប្តេជ្ញាចិត្តដ៏រឹងមាំ បន្តប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ក្នុងគោលដៅការពារ និងលើកកម្ពស់ សុវត្ថិភាពរបស់មនុស្សគ្រប់រូប និងសន្តិសុខសង្គម និងលើកកម្ពស់ការគោរពសិទ្ធិ សេចក្តីថ្លៃថ្នូរ និងផលប្រយោជន៍របស់មនុស្សគ្រប់ភេទ គ្រប់វ័យ ដែលត្រូវបានបំផ្លាញដោយជនល្មើសនៃអំពើជួញដូរមនុស្សដោយការកេងប្រវ័ញ្ច និងការរំលោភបំពាន គ្រប់រូបភាព ឲ្យបានលទ្ធផលល្អប្រសើរជាអតិបរមា៕