ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

អគ្គីភ័យឆាបឆេះ កុំតែបាននគរបាល និងប្រជាពលរដ្ឋជួយអន្តរាគមន៍ទាន់មុននឹងផ្ទះ១ខ្នងឥដ្ឋក្រោមឈើលើ និងក្លាយជាចំណីអគ្គីភ័យ

ខេត្តបន្ទាយមានជ័យ ៖ ភ្លើងឆាបឆេះសំយ៉ាបផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង។ ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងនៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិរោលជ្រូក ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ៖ សំយ៉ាបផ្ទះ ដែលត្រូវអគ្គីភ័យឆាបឆេះ មានម្ចាស់ឈ្មោះ រឹម វ៉ាន់ឈីន ភេទប្រុស អាយុ៣៧ឆ្នាំ ជាប្តី និងប្រពន្ធឈ្មោះ ខុន ស្រីតូច អាយុ៣៣ឆ្នាំ ។

លោកអធិការបានបញ្ជាក់ថា ៖ មុនពេលកើតមានអគ្គីភ័យ ប្រពន្ធម្ចាស់ផ្ទះ បានដុតភ្លើងអាំងត្រី នៅនឹងសំយ៉ាបផ្ទះ ដែលធ្វើអំពីដែក បណ្តោយ៣ម៉ែត្រ ទទឹង២,៥០ម៉ែត្រ តភ្ជាប់នឹងផ្ទះបាយខាងក្រៅ ទុកគ្រាន់តែសម្រាប់អាំងត្រី និងដាំបាយ និងទុកដាក់សម្ភារបន្តិចបន្តួចគ្មានជញ្ជាំង។ក្រោយពីដាក់អាំងត្រីនឹងចង្រ្កានហើយ ក៏ទុកចោលរវល់ទៅលក់ឥវ៉ាន់នៅសំយ៉ាបខាងមុខផ្ទះ ស្របពេលមានខ្យល់បក់ផងធ្វើឲ្យផ្កាភ្លើងហើរទៅប៉ះសម្ភារចាស់ៗបង្កជាអគ្គីភ័យ និងមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋអ្នកជិតខាង និងត្រូវបានរថយន្តពន្លត់អគ្គីភ័យ របស់អធិការដ្ឋាននគរបាលស្រុកជួយអន្តរាគមន៍ពន្លត់ បានទាន់ពេលវេលាទប់ស្កាត់មិនឲ្យភ្លើងឆាបឆេះដល់ផ្ទះធំ ។គ្រាន់តែឆេះសម្ភារខោអាវចាស់ៗ សៀវភៅចាស់ៗ គ្រែឈើ និងរទេះអូសឥវ៉ាន់១ រួមទាំងសម្ភារផ្សេងៗបន្តិចបន្តួចប៉ុណ្ណោះ ។

ទាក់ទិននឹងការឆ្វេសប្រហែសនេះផងដែរ លោកអធិការនគរបាលស្រុកព្រះនេត្រព្រះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ ការប្រើប្រាស់ភ្លើងចង្រ្កានដុតអុស ឬធ្យូង ក៏ដូចជា ការប្រើប្រាស់ចង្រ្កានហ្គាសផងដែរ ព្រោះថារដូវនេះ គឺជារដូវប្រាំង មានខ្យល់ហួតហែង ដែលជាកត្តាងាយស្រួលបំផុតចំពោះអគ្គីភ័យកើតឡើងបង្កឲ្យវិនាសអន្តរាយទ្រព្យសម្បត្តិរបស់របរ គ្រាន់តែការឆ្វេសប្រហែសមួយពព្រិចភ្នែក ៕