ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ទូទាំងប្រទេស បានមកជួបជុំគ្នាចូលរួមអបអរសាទរខួបលើកទី៤១ឆ្នាំ ថ្ងៃបង្កើតសហភាពសហព័ន្ឋយុវជនកម្ពុជាថ្ងៃទី០២ ធ្នូ ឆ្នាំ១៩៧៨-០២ ធ្នូ ឆ្នាំ២០១៩

ខេត្តកំពង់ឆ្នាំង៖ យុវជនរាប់ពាន់នាក់ ចូលរួមអបអរសាទរខួបលើកទី៤១ឆ្នាំ ថ្ងៃបង្កើតសហភាពសហព័ន្ឋយុវជនកម្ពុជា ដើម្បីរំលឹកនៅគុណូការៈនៃការលះបង់យុវជនជំនាន់មុននិងបុព្វបុរសរបស់យើង ព្រមទាំងអបអរសាទសមិទ្ឋិផលដែលសម្រេចបានកន្លងមក ដែលរួមចំណែកនាំកម្ពុជាទៅអនាគតឲ្យកាន់តែប្រសើរ។

សម្រាប់ខេត្តកំពង់ឆ្នាំង មានសមាជិក សមាជិកា ចូលរួមសរុប ៧០រូប ដឹកនាំដោយឯកឧត្ដម ហេង ពិទូ ប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង។ ពីធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡាដ្ឋានជាតិ និងពេលរសៀលនៅវិមានឈ្នះឈ្នះ។ គោលបំណង៖
ទី១-រំលឹកឡើងវិញនូវគុណូបការៈ ការលះបង់របស់យុវជនជំនាន់មុន និងបុព្វបុរសខ្មែរគ្រប់ជំនាន់។​
ទី២-អបអរសាទរនូវសមិទ្ធផលនានាដែលយើងសម្រេចបានមកដល់ពេលនេះ
ទី៣-និងត្រៀមខ្លួនក្នុងការចូលរួមចំណែកដើម្បីនាំយកកម្ពុជាទៅអនាគតឲ្យកាន់តែល្អប្រសើរ។

ថ្លែងក្នុងពីធីអបអរសាទរខួបលើកទី៤១នៃថ្ងៃបង្កើតសហភាពសហព័ន្ឋយុវជនកម្ពុជានាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា បានមានប្រសាសន៍ថា ក្រុមយុវជនបានលះបង់នៅឆន្ទៈមុះមុត ក្រោមស្មារតី ០២ ឆ្នូ ដែលយុវជនជំនាន់មុនបានលះបង់ នឹងបន្តការចូលរួមជាមួយសង្គមជាតិក្នុងការស្ដារកសាងនិងការបង្កើតបាននៅសមិទ្ឋិផលនានាសម្រាប់កម្ពុជានាពេលបច្ចុប្បន្ន។

ឯកឧត្តម បន្តថា ក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះសហភាពសហព័ន្ធកម្ពុជាបានបង្កើនការទទួលស្គាល់យ៉ាងទូលំទូលាយ នូវកិត្តិនាមរបស់ខ្លួន ទាំងក្នុង និងក្រៅប្រទេស ជាពិសេសមានការទទួលស្គាល់ពីសំណាក់ថ្នាក់ដឹកនាំ សាធារណៈជន ពិសេសយុវជនតាមរយៈសកម្មភាពរបស់ខ្លួនផ្ដើមចេញពីការងារកិច្ចសង្គម មនុស្សធម៌នានា ដើម្បីជាឧត្តមប្រយោជន៍ វឌ្ឍនភាព និងកិត្យានុភាពកម្ពុជា ក្រោមស្មារតីជឿជាក់លើកម្ពុជា។

ឯកឧត្តម បញ្ជាក់ដែរថា ស.ស.យ.ក. បានចូលរួមពង្រឹងអត្តសញ្ញាណជាតិ តាមរយៈការរៀបចំព្រឹត្តិការណ៍ធំៗ រួមមាន ៖ ព្រឹត្តិការណ៍អង្គរសង្គ្រាន្ត ពិធីថ្វាយព្រះពរសង្ក្រាន្តឆ្នាំថ្មី ការបំបែកឯតទគ្គកម្មក្រមាវែង និងទូកវែងជាងគេ និងព្រឹត្តិការណ៍នានាផ្សេងៗ ។
សូមបញ្ជាក់ថា កម្មវីធីខួបលើកទី៤១ឆ្នាំ នៃថ្ងៃបង្កើតសហភាពសហព័ន្ឋយុវជនកម្ពុជា ថ្ងៃទី០២ ធ្នូ ឆ្នាំ១៩៧៨-០២ ធ្នូ ឆ្នាំ២០១៩ បានប្រព្រឹត្តិទៅក្រោមពាក្យស្លោក ក្រុមគ្រួសារតែមួយ ចិត្តបេះដូងតែមួយ ស្មារតីភាសាតែមួយ ដើម្បីភាពរុងរឿងនៃមាតុភូមិកម្ពុជារបស់យើង ដែលមានសមាជិក សមាជិកា ស.ស.យ.ក ចូលរួមជាង១០០០០នាក់មកពីទូទាំងរាជធានីនិងខេត្តនៃប្រទេសកម្ពុជា ៕