ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ អាត់ ខែម “ការដែលរៀបចំប៉ុនប៉ងធ្វើរដ្ឋប្រហាររបស់ក្រុមឧទ្ទាមក្រៅច្បាប់ សមរង្សី មិនមែនជារឿងធម្មតា”

ខេត្តបន្ទាយមានជ័យ ៖ ការដែលរៀបចំប៉ុនប៉ងធ្វើរដ្ឋប្រហាររបស់ក្រុមឧទ្ទាមក្រៅច្បាប់ដែលដឹកនាំដោយ សម រង្សី មិនមែនជារឿងធម្មតា ដែលពួកក្រុមឧទ្ទាមនេះ មានបំណងយកព្រំដែនក្រុងប៉ោយប៉ែតជាចំណុចខ្ពស់ ក្នុងការធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងមកនេះ តែត្រូវបរាជ័យយ៉ាងអាម៉ាស់បំផុត។ ដោយកម្ពុជាធ្លាប់បានឆ្លងកាត់សង្រ្គាមដ៏រ៉ាំរ៉ៃ ជាច្រើនជំនាន់ ប្រជាពលរដ្ឋមិនចង់ឲ្យកើតមានសង្រ្គាម ដែលបច្ចុប្បន្នប្រទេសជាតិយើងកំពុងតែមានសុខសន្តិភាព និងការអភិវឌ្ឍមានការរីកចម្រើន ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ បើតាមប្រសាសន៍របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ៖ បើយើងធ្វើមិនត្រូវទេនោះ ប្រវត្តិសាស្ត្រនឹងវិលថយក្រោយទៅរក៥០០ឆ្នាំមុន។ ការលើកឡើងរបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យនេះ ក្នុងឱកាសប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ និងទិសដៅអនុវត្តការងារប្រចាំខែធ្នូ ឆ្នាំ២០១៩ នៅសាលាប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដែលមានការចូលរួមពីអស់លោក លោកស្រី ជាឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យ អធិការនគរបាលស្រុក ក្រុងទាំង៩ និងមេបញ្ជាការ វរសេនាតូចការពារព្រំដែនគោកទាំង៤ ផងដែរ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្សិលមិញនេះ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបញ្ជាក់ថា ៖ ដោយការគ្រប់គ្រងសំខាន់ទៅលើមុខសញ្ញាក្រុមឧទ្ទាម ដែលជាចំណុចចាប់ផ្តើមរបស់យើងឈានដល់ការបំបាត់ប្រសិទ្ធភាពដែលបង្កប់ខ្លួននៅក្នុងភូមិសាស្ត្រខេត្ត ធ្វើការបំផុសឲ្យពួកគេភ្ញាក់រលឹកចេញមកសារភាព និងធ្វើកិច្ចសន្យាបញ្ឈប់នៃការធ្វើសកម្មភាពនិងការបញ្ឈប់នៃការញុះញង់ បញ្ឈប់នៃការចូលរួមជាមួយក្រុមឧទ្ទាមនោះ បានចេញមកសារភាពរហូតដល់១៣៨នាក់ នៅក្នុងខេត្តបន្ទាយមានជ័យនេះ។ នេះគឺជាខិតខំប្រឹងប្រែងទាំងអស់គ្នា គឺទាំងប៉ុស្តិ៍រដ្ឋបាល អធិការ និងវរសេនាតូចទាំង៤ ដែលយកចិត្តទុកដាក់ការងារទប់ស្កាត់សកម្មភាពជើងក្រោមរបស់ក្រុមឧទ្ទាមនេះបានល្អបំផុត។

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់បន្ថែមថា ៖ យោងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យើងត្រូវបញ្ឈប់ការចាប់ខ្លួន ទោះបីមានដីកាចាប់ក៏ដោយ មិនមានក៏ដោយ និងត្រូវបានលើកលែងអ្នកជាប់ពន្ធនាគារដោះលែងឲ្យមានសិទ្ធិសេរីភាពវិញ។ ប៉ុន្តែអ្នកដែលត្រូវបន្តចាប់ខ្លួននោះគឺមានចំនួន១៨រូប ដូចអស់លោកបានស្គាល់មុខសញ្ញានោះអស់ហើយ។ ហើយបច្ចុប្បន្នសភាពការណ៍ទូទៅក្នុងមូលដ្ឋានក៏ដូចសម្រាប់ប្រទេសទាំងមូល យើងពិនិត្យឃើញថានយោ​បាយឈ្នះ ឈ្នះ របស់សម្តេច គឺទទួលបានជោគជ័យ។ ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានជម្រុញ ដល់នគរបាលប៉ុស្តិ៍រដ្ឋបាល លោកអធិការ នគរបាលស្រុក ក្រុង ត្រូវធ្វើការគ្រប់គ្រងបន្ថែមទៀតទៅលើមុខសញ្ញាដែលត្រូវបានដោះលែងចេញពីពន្ធនាគារ មុខសញ្ញាដែលបានភ្ញាក់រលឹក​ចេញមកសារភាព និងធ្វើកិច្ចសន្យានោះផងដែរ។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ក៏បានជម្រុញបន្ថែមទៀត ដល់កងកម្លាំងនគរបាល គ្រប់ស្រុក ក្រុង និងវរសេនាតូចទាំង៤ ត្រូវរៀបចំការងារសង្គម បន្តចុះជួយប្រជាពលរដ្ឋ នាពេលនេះគឺជារដូវច្រូតកាត់ប្រមូលផលស្រូវជូនគាត់ តាមការស្នើរសុំ កម្លាំងពលកម្ម នេះគឺជាការងារមិនអាចខ្វះបាន ពេលប្រជាជនជួបការលំបាក យើងជានគរបាលកើតចេញពីប្រជាពលរដ្ឋក៏ត្រូវតែជួយដោះស្រាយនូវរាល់ការលំបាករបស់ពួកគាត់ផងដែរ៕