ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

​ផ្ទះឈើ២ជាន់ និងសម្ភារនៅក្នុងផ្ទះបានក្លាយជាចំណីអគ្គីភ័យឆេះហ្មត់ទាំងស្រុង

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះឈើ២ជាន់ទំហំបណ្តោយ៩ម៉ែត្រ ទទឹង៧ម៉ែត្រ និងសម្ភារនៅក្នុងផ្ទះ ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង។ ហេតុការណ៍អគ្គីភ័យឆេះផ្ទះនេះ បានកើតឡើងនៅវេលាម៉ោង ២និង២០នាទីរសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅភូមិកំពង់ថ្កូវ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ៖ ម្ចាស់មានឈ្មោះ ឈួន សុផល ភេទប្រុស អាយុ៣៧ឆ្នាំ ជាប្តី និងប្រពន្ធឈ្មោះ ហ៊ុត ស្រី អាយុ៣៥ឆ្នាំ មានកូនតូចៗចំនួន ​៣នាក់។ ប្តី និងប្រពន្ធមិនបាននៅផ្ទះនោះទេ ដោយជាប់ទៅធ្វើការជាកម្មករ នៅខេត្តកំពង់សោម ដោយទុកផ្ទះឲ្យកូនតូចៗនៅចាំ។

លោកអធិការបានបន្តថា ៖ នៅពេលកើតមានអគ្គីភ័យឆាបឆេះផ្ទះនោះ កូនគាត់ទាំង៣នាក់ក៏មិនបាននៅផ្ទះដែរ មិនដឹងទៅណាអស់ទុកផ្ទះចោល។ ក្រោយភ្លើងឆាបឆេះហើយទើបអ្នកជិតខាងដឹង ក៏បានមកផ្ដល់ដំណឹងដល់សមត្ថកិច្ច ពេលនោះមានរថយន្តពន្លត់អគ្គីភ័យ របស់អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ចំនួន១គ្រឿងមកសហការ និងរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ១គ្រឿង ជួយអន្តរាគមណ៍ពន្លត់ តែមិនអាចជួយបាន ដោយគ្រាន់តែបានជួយទប់ស្កាត់មិនអោយរាលដាលទៅផ្ទះអ្នកជិតខាង។ ផ្ទះដែលរងនូវការឆាបឆេះនេះ គឺធ្វើអំពីឈើ២ជាន់ ប្រក់ស័ង្កសី ជញ្ជាំងក្តារ ​សរសរស៊ីម៉ងត៍ មានទំហំ ៩ម៉ែត្រ គុណ៧ម៉ែត្រ និងសម្ភារនៅក្នុងផ្ទះ ត្រូវភ្លើងឆេះហ្មត់ទាំងស្រុង។ មូលហេតុ បើតាមការសន្និដ្ឋាន គឺ បណ្តាលមកពីទុស្សេខ្សែភ្លើង ស្របពេលម្ចាស់មិននៅផ្ទះ គ្មានអ្នកណាដឹងទម្រាំអ្នកជិតខាងដឹងភ្លើងឆេះពេញក្រមុំ ហើយផ្ទះឈើមានការឆាបឆេះលឿន ផ្លូវឆ្ងាយផងនោះ ទើបមិនអាចជួយសង្រ្គោះទាន់ពេលវេលា៕