ព័ត៌មានក្នុងប្រទេស

លោកស្រី Pauline Tamesis ប្រធានអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ដឹកនាំតំណាងអង្គការចំនួន៧ ចូលជួបពិភាក្សាការងារជាមួយឯកឧត្តម គួច ចំរើន

ខេត្តព្រះសីហនុ​៖​ នារសៀលថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកស្រី Pauline Tamesis ប្រធានអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ដឹកនាំតំណាងអង្គការចំនួន៧ ចូលជួបពិភាក្សាការងារជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាព នៃការផ្លាស់ប្តូរ និងការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរាបជូនពីសក្តានុពល និងភូមិសាស្ត្ររបស់ខេត្តព្រះសីហនុ មានកោះ៣២ ឆ្នេរប្រវែង ១៧៥គីឡូម៉ែត្រ កំពង់ផែអន្តរជាតិទឹកជ្រៅ មានទំនិញឆ្លងកាត់ជាង ៧០ភាគរយ ទូទាំងប្រទេស បច្ចុប្បន្នមានលទ្ធភាពអាចឱ្យនាវាមានជម្រៅទឹក ១០ម៉ែត្រចូលចត និងកំពុងពង្រីកបន្ថែមដើម្បីឱ្យនាវាមានជម្រៅទឹក ១៣.៥០ម៉ែត្រចូលចតនៅ ពេលខាងមុខដើម្បី កាត់បន្ថយតម្លៃដឹកជញ្ជូន ក៍ដូចជាការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ទន្ទឹមនោះយើងក៍នៅខ្វះផែទេសចរណ៍ផងដែរ។ កិច្ចសហប្រតិបត្តិការពង្រីកព្រលានយន្តហោះខេត្តព្រះសីហនុ ដោយក្រុមហ៊ុនបារាំង ដើម្បីឱ្យយន្តហោះប្រភេទធុនធំចុះចតនៅពេលខាងមុខ និងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរតាមផ្លូវអាកាស។ រាជរដ្ឋាភិបាល បានសាងសង់ផ្លូវហាយវេ ល្បឿនលឿនពីភ្នំពេញមកកាន់ខេត្តព្រះសីហនុ និងគ្រោងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២២ ។ ជាមួយគ្នានេះផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ មានប្រវែង ៨៤.៥០៥គីឡូម៉ែត្រ ។

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលបានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង ដែលមានតំបន់សេដ្ឋកិច្ច ៥កំពុងដំណើរការ ផ្តល់ការងារជូនយុវជនជាង ៨ម៉ឺននាក់ និងតំបន់សេដ្ឋកិច្ច ៤ទៀតកំពុងសាងសង់ នេះជាសក្តានុពល នៃការអភិវឌ្ឍក្នុងខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន ពិសេសវិស័យសំណង់មានការអភិឌ្ឍយ៉ាងគំហុកគួរឱ្យកត់សំគាល់។

ឯកឧត្តម គួច ចំរើន បានជំរាបជូនលោកស្រីប្រធានអង្គការ សហប្រជាជាតិប្រចាំកម្ពុជាបន្តថា រដ្ឋបាលខេត្តព្រះសីហនុគាំទ្រអង្គការសហប្រជាជាតិ ចង់សហការជួយអភិវឌ្ឍខេត្តព្រះសីហនុ ជាទីក្រុងឆ្លាតវៃ ក៍ប៉ុន្តែត្រូវរៀបចំឯកសារធ្វើបទបង្ហាញទីក្រុងឆ្លាតវៃ និងបន្តធ្វើការងារជាមួយមន្ត្រីរបស់ខេត្ត ពិសេសជួយបណ្តុះបណ្តាលបច្ចេកវិទ្យា ក៍ដូចជាជួយជាឧបករណ៍ សម្ភារះ ក្នុងការចូលរួមអភិវឌ្ឍខេត្តព្រះសីហនុ ជាទីក្រុងឆ្លាតវៃ។

លោកស្រី Pauline Tamesis ប្រធានអង្គការសហ​ប្រជាជាតិប្រចាំប្រទេសកម្ពុជា បានថ្លែងអំណរគុណអភិបាលខេត្តព្រះសីហនុ បានចំណាយពេលវេលាឱ្យប្រតិភូចូលជួបពិភាក្សា ឈ្វេងយល់អំពីវឌ្ឍនភាព នៃការផ្លាស់ប្តូរ និងការអភិវឌ្ឍខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន។ អង្គការសហប្រជាជាតិ នៅរយៈពេល​៥ឆ្នាំខាងមុខ នឹងរៀបចំកិច្ចការចំនួន ៥ផ្នែក ហើយការងារស្នូល គឺការងារគ្រប់គ្រងនគរូបនីយកម្ម ការគ្រប់គ្រងធ្វើផែនការឱ្យបានហ្មត់ចត់ សម្រាប់គ្រប់គ្រងការអភិវឌ្ឍទីក្រុង គឺជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍទីក្រុង ដោយយកចិត្តទុកដាក់លើប្រជាពលរដ្ឋរស់នៅទីក្រុង គឺជាយន្តការមួយមាននិរន្តរភាព និងធ្វើឱ្យទីក្រុងទទួលបានផលស្មើៗគ្នា ប្រកបដោយសមធម៌សម្រាប់ប្រជាពលរដ្ឋ។ តាមបទពិសោធន៍ប្រទេសលើសកលលោកមាន GDP ៨០ភាគរយ ទទួលបានពីការអភិវឌ្ឍក្នុងទីក្រុង ដោយឡែកសម្រាប់កម្ពុជា GDP ៥០ភាគរយ ចេញពីការអភិវឌ្ឍក្នុងទីក្រុង ។ ការអភិវឌ្ឍនៅខេត្តព្រះសីហនុ បានបង្ហាញពីសក្តានុពលចំបង រួមចំណែកការអភិវឌ្ឍប្រទេសជាតិទាំងមូលផងដែរ ហើយការអភិវឌ្ឍក្នុងខេត្តព្រះសីហនុ ក៍មានបញ្ហាប្រឈមមួយចំនួន ដោយសារកត្តាអភិវឌ្ឍមានល្បឿនលឿនពេក ការគ្រប់គ្រងមិនបានហ​​ហ្មត់ចត់នោះ អាចនាំឱ្យប្រជាពលរដ្ឋនៃចំណែកណាមួយមិនបានទទួលផលតាមទាន់គេ។ យើងបានដឹងថា ទីក្រុងឆ្លាតវៃ ជាគោលដៅមួយ ដែលយើងចង់អភិវឌ្ឍុ ហើយក្រុងព្រះសីហនុ នៃ ខេត្តព្រះសីហនុ ជាទិសដៅមួយក្នុងការអភិវឌ្ឍជាទីក្រុងឆ្លាតវៃ ។ អង្គការសហប្រជាជាតិ ចង់ចូលរួមចំណែកសហការជួយរដ្ឋបាលខេត្តព្រះសីហនុ ឱ្យទៅជាទីក្រុងឆ្លាតវៃ យើងមានវិធីច្រើនដើម្បីសម្រេចទីក្រុងមួយឆ្លាតវៃប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន ។ សម្រាប់អង្គការសហប្រជាជាតិយល់ឃើញវិធីមួយទៀត គឺការអភិវឌ្ឍឈានទៅទីក្រុងឆ្លាតវៃ គឺជាការចូលរួមស្តាប់មតិយោបល់របស់ប្រជាពលរដ្ឋ ចង់បានទីក្រុងប្រភេទណា ទី១. ផ្តោតលើអ្នកនិយោគទុនដែលមានទស្សនយល់ឃើញចង់ឱ្យទីក្រុងយើងល្អ ២. លក្ខណបរិយាប័ន្ន ការអភិវឌ្ឍទីក្រុងរបស់យើងមិនសម្រាប់បុគ្គលមួយចំនួនទេ គឺសម្រាប់ទាំងអស់គ្នា ៣.ការគាំទ្រដល់រដ្ឋអំណាចមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាឆ្លើយតបទៅ នឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ៕