ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលឃាត់ខ្លួនបុរសម្នាក់ករណីរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ

កណ្ដាលៈ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយឃាត់ខ្លួន ករណីរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៩និង១០នាទី ។ ករណីឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ញ៉ែម វិបុល ភេទប្រុអាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត មានស្រុកកំណើតនៅភូមិត្រពាំងដំរី ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅជាមួយបង នៅសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ១៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា កន្លងមកជនសង្ស័យ និងក្មេងស្រីរងគ្រោះគឺជាម៉ូយទិញ-លក់ស្វាយជាមួយគ្នា រហូតរាប់អានគ្នាជិតស្និត ហើយជនសង្ស័យធ្លាប់ចេញចូលបាយទឹក និងស្នាក់នៅផ្ទះក្មេងស្រីរងគ្រោះញឹកញាប់ទៀតផង រហូតធ្វើឲ្យជនសង្ស័យ និងក្មេងស្រីរងគ្រោះ កើតចិត្ដស្រលាញ់គ្នាទៅវិញទៅមក ឈានដល់ជនសង្ស័យ បានទិញសម្ភារៈលួងចិត្តឲ្យក្មេងស្រីរងគ្រោះមានជញ្ជៀន និងទូរសព្វ័ ដើម្បីងាយស្រួលទំនាក់ទំនងគ្នាទៀតផង ។ រហូតមកដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ៩ ជនសង្ស័យបានបើកឡានដឹកស្វាយមកដល់ផ្ទះនារីរងគ្រោះ និងបានស្នាក់នៅ១យប់រហូតដល់ព្រឹកឡើងម៉ោង៩ឆ្លៀតពេលម្ដាយក្មេងស្រីរងគ្រោះមិនផ្ទះ ជនសង្ស័យ ក៏បានរួមភេទជាមួយក្មេងស្រីរងគ្រោះនៅលើផ្ទះ១លើក លុះមកដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ម៉ោង២០ ជនសង្ស័យបាននាំនារីរងគ្រោះចូលផ្ទះសំណាក់នៅរាជធានីភ្នំពេញ បានរួមភេទជាមួយគ្នាម្តងទៀតផងដែរ ។ រហូតមកដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង១៨និង៣០នាទី ជនសង្ស័យបានទូរស័ព្ទមកប្រាប់ម្តាយក្មេងស្រីរងគ្រោះថា: ម៉ាក់អើយ ខ្ញុំមិនដឹងគិតយ៉ាងមិចទេ បើខ្ញុំមកផ្ទះម៉ាក់ឯងទៀត ឪពុកម្តាយខ្ញុំនឹងដាក់ខ្នោះខ្ញុំហើយ ។ លឺដូចេ្នះក្មេងស្រីរងគ្រោះបានទាញទូរស័ព្ទពីម្តាយខ្លួន និយាយជាមួយជនសង្ស័យថា: លូវបងគិតយ៉ាងមិច ហើយជនសង្ស័យប្រាប់ថា: ចាំបង៥ឆ្នាំទៀតទៅ បន្ទាប់ពីនិយាយគ្នាចប់ ជនសង្ស័យបានបិតទូរស័ព្ទតេលែងចូល រហូតមកដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង៩ និង៣០នាទី ក្មេងស្រីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ រួចកំលាំងជំនាញស្រុកបានចុះទៅតាមរកជនសង្ស័យដល់កន្លែងធ្វើការ រួចនាំខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តនូវទង្វើរខាងលើពិតប្រាកដមែន ។
បន្ទាប់ពីធ្វើការសាកសួររួច សមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕