ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កុកតែងតែភ្លេចជង់ ឯជង់មិនភ្លេចកុកទេ

ខេត្តបន្ទាយមានជ័យ ៖ កុកតែងតែភ្លេចជង់ តែជង់មិនដែលភ្លេចកុកទេ ជាក់ស្តែងជនសង្ស័យម្នាក់ឆក់ទូរស័ព្ទដៃរយៈពេលជាង១ឆ្នាំ ទីបំផុតត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការស្រាវជ្រាវឈានដល់ការបង្រ្កាប ចាប់ឃាត់ខ្លួនបាននៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ គឺលោក មាស ច័ន្ទពិសិដ្ឋ និងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ខែម សុភ័ណ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ៖ ជនសង្ស័យដែលត្រូវចាប់ឃាត់ខ្លួនឈ្មោះ ឃីម សំអាង ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ជននេះ និងបក្ខពួកគេម្នាក់ទៀត បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ឈ្មោះ ជា បញ្ញា ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ក្រោយពីធ្វើសកម្មភាពរួចបានរត់គេចខ្លួន អស់រយៈពេលជិត២ឆ្នាំ ទីបំផុតក៏ត្រូវកម្លាំងនគរបាលជំនាញកម្រិតស្រាល បានធ្វើការបើកការស៊ើបអង្កេតស្រាវជ្រាវតាមវិធានការជំនាញ រហូតឈានដល់ការចាប់ឃាត់ខ្លួននៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៩និង៣០នាទីព្រឹក ។

លោកនាយការិយាល័យ បានបញ្ជាក់ថា ៖ ក្រោយពីធ្វើការចាប់ខ្លួន និងសាកសួរចម្លើយ ជនសង្ស័យបានសារភាពថា រូបគេមានគ្នីគ្នាចំនួន២នាក់ ម្នាក់ឈ្មោះ ចិន បានជិះម៉ូតូធ្វើសកម្មភាពឆក់យកទូរស័ព្ទម៉ាក Iphone 6+ ពណ៌ទឹកមាសនោះមែន ក្រោយពីឆក់បានលុះស្អែកឡើងរូបគេ និងបក្ខពួកម្នាក់ទៀតឈ្មោះ ណាង យកទូរស័ព្ទនោះទៅលក់នៅកន្លែងរង្វង់មូលយាយលក្ខណ៍តែគ្មានអ្នកណាហ៊ានទិញ ក៏ទុក្ខប្រើខ្លួនឯង។

លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងទទួលការងារនគរបាលព្រហ្មទណ្ឌបានបញ្ជាក់ផងដែរថា ៖ ដោយផ្អែកតាមចម្លើយសារភាព និងមានបណ្តឹងជនរងគ្រោះ ជនសង្ស័យឈ្មោះ ឃីម សំណាង ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះហើយ ចំណែកបក្ខពួកគេម្នាក់ទៀត កំពុងត្រូវបានធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនផងដែរ៕