ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្នងការរងនគរបាលខេត្ដកណ្ដាលចូលរួមរំលែកទុក្ខនិងគោរពវិញ្ញាណក្ខន្ធសពមន្រ្តីស្លាប់ដោយ ជម្ងឺមហារីក

កណ្ដាលៈនារសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក សេង គឹមឃន ស្នងការរងទទួលផែនធនធានមនុស្ស តំណាងលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល និងលោកវរសេនីយ៍ឯក ម៉ាន់ គីមឡេង នាយការិយាល័យបុគ្គលិក បានដឹកនាំប្រតិភូចូលរួមរមលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ទោ ញ៉ែម សុវណ្ណារិទ្ធ អត្តលេខ៤០៦០៦ មន្រ្តីការិយាល័យតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដែលទទួលមរណភាព ដោយជំងឺមហារីកជើង ។
ក្នុងពិធីគោរពវិញ្ញាណក្ខន្ធនេះផងដែរ លោកស្នងការរង ក៏ដូចជាមន្ត្រីក្រោមឱវាទ បានសម្តែងការសោកស្តាយយ៉ាងខ្លាំងបំផុត ចំពោះការបាត់បង់ជីវិតរបស់លោកអនុសេនីយ៍ទោ ញ៉ែម សុវណ្ណារិទ្ធ ហើយគឺជាការបាត់បង់កម្លាំងនគរបាលមួយរូប ដែលកន្លងមកបានចូលរួមបម្រើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ។ ក្នុងគ្រាជាមួយគ្នានោះដែរ លោកស្នងការរងនគរបាលខេត្ត បាននាំយកថវិកាចំនួន៣,៧៤០,០០០រៀល ដែលជាថវិកា របស់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ចូលរួមបុណ្យសពលោកអនុសេនីយ៍ទោ ញ៉ែម សុវណ្ណារិទ្ធ ផងដែរ។
ក្នុងឱកាសនោះ ក្រុមគ្រួសារសព បានសម្ដែងគារវកិច្ច និងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល និងលោកស្នងការរងក៏ដូចជាមន្រ្ដីនគរបាលទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃ និងសមាណចិត្តជ្រះថ្លាចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់ពួកគាត់ផងដែរ ៕