រដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ត្រូវបានអង្គសន្និបាតបោះឆ្នោតជ្រើសរើសជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ អាណត្តិទី៥ (២០១៩-២០២៥)

ខេត្តក្រចេះ៖​ នាថ្ងៃសុក្រ ១២កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងអង្គសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ អាណត្តិទី៥ (២០១៩-២០២៥) និងដោយមានការអញ្ជើញចូលរួមពី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខាអាណត្តិទី៤ សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា មន្រ្តីអនុសាខាក្រុង-ស្រុកទាំង៦ មន្ទីរអង្គភាពជុំវិញខេត្ត យុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត សរុបចំនួន ៣១០នាក់។

ក្នុងអង្គសន្និបាតអាណត្តិទី៥នេះដែរ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់តាំង ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ជាប្រធានកិត្តិយសសាខា, ឯកឧត្តម ធុន គ្រី ប្រធានគណៈកម្មាធិការសាខា, អនុប្រធានកិត្តិយសសាខា, សមាជិក សមាជិកា គណៈកម្មាធិការសាខា, តំណាងអ្នកស្ម័គ្រចិត្ត, យុវជនកាកបាទក្រហមកម្ពុជា និងតំណាងមន្ទីរអង្គភាពជុំវិញខេត្ត សរុបចំនួន ៦៨នាក់។ 

សមាជិក សមាជិកាពេញសិទ្ធិបានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៥ ដែលមានសមាសភាព ១៥ នាក់ ស្រី៣ នាក់ ក្នុងនោះបានបោះឆ្នោតជ្រើសរើស ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ជាប្រធានគណៈកម្មាធិការសាខា, ឯកឧត្តម ធុន គ្រី ជាអនុប្រធានអចិន្រ្តៃយ៍, ឯកឧត្តម ប៉ែន លីណាត ជាអនុប្រធាន, លោកស្រី ឈឹម សុធារី ជាហេរញ្ញិក និងលោក គង់ សុជាតិ ជាលេខាធិការគណៈកម្មាធិការសាខា រួមជាមួយសមាជិក សមាជិកា ១០នាក់ក្នុងនោះ សមាជិកបម្រុង ២នាក់។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ អាណត្តិទី៥ បានធ្វើការប្តេជ្ញាថា ៖១-ពង្រឹងអភិបាលកិច្ចល្អ ២-ពង្រឹង និងពង្រីកសមត្ថភាព គៀរគររកមូលនិធិ និងគ្រប់គ្រង មានគណនេយ្យភាព និងតម្លាភាព ៣-ខិតខំពង្រឹងសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព ៤-ពង្រីក និងអភិវឌ្ឍកម្លាំងចលកររួមមាន៖ យុវជន និងអ្នកស្ម័គ្រចិត្ត ឱ្យកាន់តែសកម្មថែមទៀត ៥-ទំនាក់ទំនងល្អជាមួយមន្ទីរ អង្គភាព និង អនុសាខាក្រុង ស្រុក កាន់តែជិតស្និទ្ធថែមទៀត ៦-បន្តអភិវឌ្ឍសាខា អនុសាខា ឱ្យទៅជាសាខាមានដំណើរការល្អលើគ្រប់វិស័យ។