ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ពិធីមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ( ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០១៩ ) និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៩

ខេត្តព្រះវិហារ ៖ នាព្រឹកថ្ងៃសៅរ៍ ១៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ( ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០១៩ ) និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៩ ក្នុងពិធីនេះដែរ រដ្ឋបាលខេត្តព្រះវិហារបានប្រារព្ធឡើងនៅ ផ្លូវភ្លោះ វិមានឯករាជ្យ ស្តិតក្នុងភូមិសំរោង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ព្រះសង្ឃ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក.ខេត្ត យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្ស ចូលរួមសរុបប្រមាណជាង ៥៥០ អង្គ/នាក់។ ក្នុងពិធីនោះដែរ ក៏មានការចែកអំណោយជូនដល់អតីតយុទ្ធជន ចាស់ជរា ផងដែរ ។

ចុងបញ្ចប់នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឯកឧត្តមក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋបានជួបជុំទទួលទានអំបុកខ្មែរ ការពារជាតិ សាសនា ព្រះមហាក្សត្រ ក្រោមទិដ្ឋភាពសាមគ្គីភាពក្នុងនាមជាខ្មែរតែមួយ ប្រកបដោយភាពសប្បាយរីករាយក្រៃលែង ៕