ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

អភិបាលខេត្តកំពង់ចាម ក្រុងពាលី ទូកថ្មី ឈ្មោះ «ដីដុះសែនជ័យ បារមីព្រះអង្គខ្មៅ» ដើម្បីទៅចូលរួមអបអរសាទរ ក្នុងព្រះរាជពិធីបុណ្យអុំទូក នៅឯរាជធានីភ្នំពេញ

ខេត្តកំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលី ទូកថ្មី ឈ្មោះ «ដីដុះសែនជយ័ បារមីព្រះអង្គខ្មៅ» ដើម្បី ទៅចូលរួមអបអរសាទរ ក្នុងព្រះពិធីបុណ្យអុំទូក នៅឯរាជធានីភ្នំពេញ ។

ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយចំណុះទូកទាំង ៧៧រូប នៅវត្តបុទមរតនារាមដីដុះ ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានផ្តាំផ្ញើដល់កីឡាកចំណុះទូកទាំងអស់ ឲ្យសាមគ្គីភាព ជាធ្លុងតែមួយ និងត្រូវយល់ចិត្តលើទូករបស់ខ្លួន ពីព្រោះថា ទូក និងអ្នកអុំ គឺត្រូវនៅជាមួយគ្នា ។ លើសពីនេះទៅទៀតនោះ ការយល់ចិត្តគ្នា ដោយស្តាប់ការណែនាំ ពីសំណាក់គណៈកម្មការដឹកនាំទូក ក៏ដូចជា ការណែនាំ ពីគណៈកម្មាធិការរៀបចំបុណ្យអុំទូក ជាពិសេស ត្រូវចូលរួមគោរពនូវវិន័យ បទបញ្ជាផ្ទៃក្នុងឲ្យបានល្អ ដើម្បី នាំនូវជ័យជំនះជូន ខេត្តកំពង់ចាម ផងដែរ ។ ជាមួយនោះ ឯកឧត្តម អភិបាលខេត្ត មានជំនឿថា ទូកថ្មីនេះ នឹងមានជ័យជំនះ លើគូប្រគួតខ្លាំងៗ លេខមួយ ក្នុងគូពិសេស គឺរក្សាអោយបានលេខ១ ដូចឆ្នាំមុនទៀត ដោយឯកឧត្តម ជាអ្នកជួយឧបត្ថម្ភផ្គត់ផ្គង់ និងមានរង្វាន់លើកទឹកចិត្តតំកល់ទុក ៦លានរៀល និងឧបត្ថម្ភបន្ថែម នៅពេលអុំឈ្នះ ក្នុងមួយជើងជូន ១លានរៀល ផងដែរ ។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជូនពរ ដល់ក្រុមកីឡាករចំណុះទូកទាំងអស់ បានជួបតែសេចក្តីសុខសប្បាយ ក្នុងការធ្វើដំណើរ ការស្នាក់នៅ និងទទួលបាននូវជ័យជំនះ គ្រប់ការប្រគួតផងដែរ  ៕