ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម​ អម សុភា អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង​ បាន​អញ្ជើញ​ចូលរួម​សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

ខេត្តកំពង់ឆ្នាំង៖​ ព្រឹកថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម​អម សុភា អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង​ បាន​អញ្ជើញ​ចូលរួម​សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅផែនការសកម្មភាពឆ្នាំបន្ទាប់​ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងរាជធានី ខេត្ត ជាប្រធានគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍ តំណាងកាកបាទក្រហមកម្ពុជា លោក លោកស្រី ជាប្រធានលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ នៃក្រសួង ស្ថាប័ន និង រដ្ឋបាលរាជធានី-ខេត្ត និងតំណាង ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល អ្នកពាក់ព័ន្ធ និងការឆ្លើយតបជាលក្ខណៈពហុវិស័យ។

ក្នុងរយៈពេលពេញមួយឆ្នាំ២០១៩ ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អ្នករស់នៅជាមួយមេរោគអេដស៍ អង្គការសង្គមស៊ីវិល និងផ្នែកពាក់ព័ន្ធទាំងអស់ បានបំពេញភារកិច្ចយ៉ាងសកម្មរួមគ្នា និងបានសម្រេចលទ្ធផលការងារចំបងៗជាច្រើន ក្នុងដំណាក់កាលដែលស្ថានភាពជំនួយពីបរទេសធ្លាក់ចុះ។ ការទទួលខុសត្រូវជាម្ចាស់ក្នុងការទទួលបន្ទុកជំងឺ និងចំណាយរ៉ាប់រង ថែទាំព្យាបាល ត្រូវបានផ្ទេរជាបន្តបន្ទាប់ និងជាជំហានៗ ។

អង្គសន្និបាត បានពិនិត្យរួមគ្នាលទ្ធផលប្រចាំឆ្នាំ ដែលសម្រេចបាន ចំណុចខ្វះខាត បញ្ហាប្រឈមក្នុងការអនុវត្តគោលនយោបាយ និងបានចែករំលែកបទពិសោធន៍ល្អៗ ព្រមទាំងបានជជែកពិភាក្សាអំពីការសម្របសម្រួលអន្តរស្ថាប័ន នៅរដ្ឋបាលថ្នាក់កណ្តាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីប្រតិបត្តិតាមការណែនាំរបស់រាជរដ្ឋាភិបាល តាមរយៈសេចក្តីជូនដំណឹងលេខ ២១៣សជណ.សស ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ។

ជាចុងក្រោយ​ ឯកឧត្តមទេសរដ្ឋមន្រ្តី​ បានសម្តែងនូវការអបអរសាទរ និងកោតសរសើរដ៏ស្មោះស្ម័គ្រចំពោះសមាជិក សមាជិកានៃអង្គសន្និបាត ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មចូលរួមប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ឲ្យទទួលបានជោគជ័យជាបន្តបន្ទាប់គួរជាទីមោទនៈ ក្រោមការប្តេជ្ញាចិត្តដ៏មោះមុតពីថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាល​ដឹកនាំដោយ “សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា” និងការគាំទ្រដោយមិនចេះនឿយហត់ផ្នែកសង្គមពី “សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន” ប្រធានកាកបាទក្រហមកម្ពុជា ៕