រដ្ឋបាលរាជធានី-ខេត្ត

ពិធីផ្សព្វផ្សាយ សភាពការថ្មីៗនៅកម្ពុជា ជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់កោះអន្លង់ចិន

កណ្ដាល៖  ឯកឧត្ដម នួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយសង្កាត់កោះអន្លង់ចិន បានអំពាវនាវឱ្យប្រជាពលរដ្ឋ កុំចាញ់បោកការញុះញង់ របស់ក្រុមឧទាមក្រៅច្បាប់ និងបក្សពួក ក្នុងការចូលរួមសកម្មភាពខុសច្បាប់ ដែលនាំឱ្យមានទោស។ ឯកឧត្តម នួន ផា អំពាវនាវបែបនេះ ក្នុងឱកាសផ្សព្វផ្សាយ សភាពការថ្មីៗនៅកម្ពុជា ជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
ឯកឧត្ដមបន្តថា ការចូលរួមជាមួយ ក្រុមឧទាមក្រៅច្បាប់ និងបក្សពួក ក្នុងការផ្ដួលរំលំររាជរដ្ឋាភិបាលស្របច្បាប់ គឺជាអំពើខុសដែលត្រូវមានទោស បើតាមផ្លូវច្បាប់ គឺជាអំពើឧបឃាត ត្រូវផ្តន្ទាទោសជាប់គុកពី ១៥ឆ្នាំ ទៅ៣០ឆ្នាំ យោងតាមមាត្រា៤៨១ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ហើយអ្នកចូលរួមក៏មានទោសដែរ គឺជាប់គុកពី ៥ឆ្នាំ ទៅ ២០ឆ្នាំ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ។
ឯកឧត្តមបានបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី និងបក្សពួកមានទោសធ្ងន់ធ្ងរណាស់ គឺបានរំលោភច្បាប់រដ្ឋធម្មនុញ្ញ ព្រោះបានប្រមាថដល់ព្រះមហាក្សត្រជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត នៃជាតិយើង ដោយទាមទារឲ្យព្រះអង្គដាក់រាជ្យ និងបានចោទប្រកាន់ព្រះអង្គថាជាអាយ៉ង ហើយបានអំពាវនាវម្តងហើយម្តងទៀតឲ្យកងទព័ជាតិ ងើបឡើងចូលរួមជាមួយបក្សពួករបស់ខ្លួន ប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតឡើងដោយការបោះឆ្នោត និងបានញុះញង់ប្រជាពលរដ្ឋឲ្យងើបឡើងបះបោរ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ដែលទង្វើខុសច្បាប់។
ឯកឧត្ដមបញ្ជាក់ទៀតថា អំពើដែលក្រុមឧទ្ទាមក្រៅច្បាប់ និងបក្សពួកកំពុងតែធ្វើនេះគឺជាការប៉ុនប៉ងបំផ្លាញ សុខសន្តិភាព ស្ថេរភាព នយោបាយ គឺជាអំពើរដ្ឋប្រហារ ដែលយើងទាំងអស់គ្នាត្រូវតែចូលរួមទប់ស្កាត់ និង ប្រឆាំងដាច់ខាត ជៀសវាងកុំឲ្យមានការបំផ្លាញ សុខសន្តិភាព និងការបំបែកបំបាក់ជាតិ ដែលអាចបង្កនូវគ្រោះមហន្តរាយធ្ងន់ធ្ងរ មិនអាច ប៉ាន់ស្មាន បាន ចំពោះជាតិ និងប្រជាជនកម្ពុជាយើង ដែលកំពុងតែរស់នៅយ៉ាងរីករាយ ក្រោមម្លប់នៃសុខសន្តិភាពយ៉ាងពេញលេញ និងកំពុងតែមានការអភិវឌ្ឍយ៉ាងខ្លាំងពី១ឆ្នាំទៅ១ឆ្នាំ។
ដើម្បីទប់ស្កាត់នូវឧបាយកលដ៏អាក្រក់នេះ ឯកឧត្តមបានស្នើឲ្យមន្ត្រី អជ្ញាធរមានសមត្ថកិច្ច ព្រមទាំងប្រជាពលរដ្ឋ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ រក្សាភាពស្ងប់ស្ងាត់ ត្រូវចូលរួម
ផ្សព្វផ្សាយអប់រំបន្តឲ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋដែលមិនទាន់បានដឹង ដើម្បីកុំឲ្យពួកគាត់ចាញ់បោកទៅចូលរួមក្នុង សកម្មភាពនានាក្នុងផែនការទាំងនេះ ត្រូវនាំគ្នាចូលរួម អបអរសាទរពិធីបុណ្យឯករាជ្យជាតិ ការចូលរួមសប្បាយរីករាយ ក្នុងព្រះរាជពីធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែ និងអកអំបុក នាំគ្នាចូលរួមពិសារអំបុកឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី៩ វិច្ឆិកា ដើម្បីរួបរួមគ្នា ថែជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់មូលដ្ឋានរៀងៗខ្លួន។
បន្ទាប់ពីផ្សព្វផ្សាយសភាពការណ៍ថ្មីៗជូនប្រជាពលរដ្ឋរួចមក ឯកឧត្តម នួន ផា បានចុះសួរសុខទុក្ខលោកចៅសង្កាត់កោះអន្លង់ចិន ដែលជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ ឯកឧត្ដមបានឧបត្ថម្ភថវិកា សម្រាប់ព្យាបាលចំនួន១០០$ផងដែរ។