ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្តរដ្ឋបាលរាជធានី-ខេត្ត

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះសាកសួរសុខទុកកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន

ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារមានបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយ ចំនួនចែកជូនដល់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នៅក្នុងភូមិសាស្រ្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នៅក្នុងឱកាសនោះដែរ ឯកឧត្ដម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត បានពាំនាំ ការសួរសុខទុកពីសំណាក់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត រួមនឹងលោកជំទាវ ចំពោះបងប្អូនកងកម្លាំងទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុការពារប្រទេសជាតិ។

អភិបាលរងខេត្ត ក៏បានកោតសរសើរទឹកចិត្តស្នេហាជាតិ របស់កងកម្លាំងទាំងបីប្រភេទ ដែលឈរជើងក្នុងភូមិសាស្រ្តក្រុងប៉ោប៉ែត ពិសេសច្រកអន្តរជាតិកម្ពុជា-ថៃ ក្នុងកិច្ចការការពារសន្តិសុខសណ្តាប់ធ្នាប់ ពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ ពីក្រុមឧទ្ទាមក្រៅច្បាប់ដែលទណ្ឌិត សម រង្ស៊ី និងបក្សពួកមួយចំនួន ដែលមានបំណង់ ធ្វើរដ្ឋប្រហារដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៅថ្ងៃទី៩ ខែវិច្ចិកា ដែលត្រូវជាថ្ងៃបុណ្យឯករាជជាតិ ។ ដូច្នេះសូមកងកម្លាំងទាំងអស់ត្រូវបន្តការយាមកាមឲ្យបានតឹងរឹងនៅតាមបន្ទាត់ព្រំដែន មិនត្រូវឲ្យមានការប្រមូលផ្តុំគ្រប់រូបភាពក្នុងន័យគាំទ្រ និងមកទទួលទណ្ឌិត សម រង្ស៊ី ឡើយ ។ ហើយបើទណ្ឌិត សម រង្ស៊ី ហានឈានជើងចូលមកទឹកដីកម្ពុជា មិនត្រូវឲ្យរួចខ្លួនឡើយ ពោលគឺត្រូវតែចាប់ឲ្យបានដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់នូវទង្វើដែលទណ្ឌិត សម រង្ស៊ី មានគំនិតក្បត់ជាតិ ពិសេសហ៊ានមើលងាយដល់ ព្រះមហាក្សត្ររបស់យើង ដែលមិនអាចលើកលែងបានឡើយ។

ចំពោះគ្រឿងឧបភោគ បរិភោគដែលបានយកទៅចែកជូនកងកម្លាំង មានដូចជា ៖ មី ៧៤កេស, ទឹកត្រី ៧៥យួរ, ទឹកស៊ីអ៊ីវ ៧៥យួរ, ត្រីខ ២កេស, ប្រេងឆា ២កេស, កូកាកូឡា ២កេស, គោជល់ ២កេស, ត្រីសាច់ ៣០គីឡូក្រាម, ពង់ទា ២៧០គ្រាប់ និងថវិកាចំនួន ១០,៥០០,០០០៛ ផងដែរ ៕