ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

អភិបាលខេត្តបន្ទាយមានជ័យ ជម្រុញណែនាំ ដល់កងកម្លាំងទាំងអស់ត្រូវបន្តកិច្ចការពារសន្តិសុខនៅថ្ងៃ៩ វិច្ឆិកា ខាងមុខនេះ ឲ្យបានល្អ ពិសេសទប់ស្កាត់ចលនាប៉ះបោរពីក្រុមឧទ្ទាមក្រៅច្បាប់

ខេត្តបន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្ត ដែលដឹកនាំដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានអង្គប្រជុំ ដែលមានបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត អភិបាលក្រុង-ស្រុកទាំង៩ កងកម្លាំង សមត្ថកិច្ច គ្រប់ជាន់ថ្នាក់ បានចូលរួម ដើម្បីត្រៀមរៀបចំផែនការ ការងាររៀបចំប្រារព្ធខួបអនុស្សាវរីយ៍ លើក៦៦ នៃទិវាឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ ។

ឯកឧត្តម អ៊ុំ រាត្រី ប្រធានអង្គប្រជុំ បានជម្រុញដល់សមត្ថកិច្ចពាក់ព័ន្ធ គ្រប់បណ្តាកងឯកភាពរដ្ឋបាលខេត្ត ត្រូវរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ ឲ្យបានល្អ សម្រាប់ថ្ងៃ៩ វិច្ឆិកា ដែលជាថ្ងៃខួបអនុស្សាវរីយ៍ លើក៦៦ នៃបុណ្យឯករាជជាតិ និងព្រះរាជពិធីបុណ្យអុំទូក នាពេលខាងមុខ ឲ្យបានល្អប្រសើរ ពិសេសត្រៀមទប់ស្កាត់ចលនាប៉ះបោរពីក្រុមឧទ្ទាមក្រៅច្បាប់ កុំឲ្យកើតមាន ក្នុងន័យបង្កចលាចលដល់សង្គមជាតិ។

ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តល់អនុសាសន៍ណែនាំ ដល់កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងកងកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ ឲ្យបានជាប្រចាំ ពិសេសកងកម្លាំងដែលឈរតាមបន្ទាត់ព្រំដែន ត្រូវទបស្កាត់ឲ្យបានកុំឲ្យកើតមានសកម្មភាពប្រមូលផ្តុំណាមួយ ក្នុងន័យបង្កចលាចល ប៉ះពាល់ដល់សន្តិសុខ សង្គមជាតិ និងដើម្បីបន្តបង្កើនការថែរក្សាសន្តិសុខ និងការគ្រប់គ្រងឲ្យបានល្អនូវសភាពការណ៍ផ្ទៃក្នុងប្រទេស ពង្រឹងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម សំដៅបន្តបង្កបរិយាកាសដល់ប្រជាជនបានចូលរួមពិធីបុណ្យជាតិខាងមុខនេះ ប្រកបដោយសុខសុវត្ថិភាព និងភាពសប្បាយរីករាយ ។

ហើយនៅថ្ងៃទី៩ វិច្ឆិកា នេះដែរនៅទូទាំងប្រទេសកម្ពុជា ក៏មានព្រឹត្តិការណ៍ នៃការពិសារអំបុក ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ក្នុងនោះសម្រាប់ខេត្តបន្ទាយមានជ័យក៏បានរៀបចំត្រៀមស្រូវសម្រាប់ ដាល់អំបុកនៅតាមបណ្តា ស្រុក-ក្រុង-ឃុំ-សង្កាត់ និងភូមិរួចរាល់ហើយផងដែរ សម្រាប់ថ្ងៃ៩ វិច្ឆិកា ខាងមុខនេះ ៕