ព័ត៌មានក្នុងប្រទេស

ស្នងការដ្ឋាននគរបាលខេត្តកោះកុងប្រជុំជួរដេីម្បីកិច្ចការពារបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក

ខេត្តកោះកុង៖​ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ទោ សំឃិត វៀន ស្នងការនគរបាលខេត្តកោះកុង បានអញ្ជើញត្រួតពិនិត្យកម្លាំង ដែលបាន​ប្រមូលផ្ដុំប្រជុំជួរ នៅនឹងស្នងការដ្ឋាននគរបាលខេត្តកោះកុង។
ឯកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ លើកឡើងថា ដោយទទួលបានបទបញ្ជា ដ៍ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានប្រមូលផ្តុំកងកម្លាំងជាបន្តបន្ទាប់ ដើម្បីត្រៀមដល់ចំណុចខ្ពស់ ក្នុងកិច្ចការពារបុណ្យឯករាជ្យជាតិ ព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងពិធី អកអំបុក សំពះព្រះខែ ព្រមទាំង ការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃនេះរហូតដល់មានបទបញ្ជាជាថ្មី ហើយបានត្រៀមខ្លួនរួចជាស្រេច ក្នុងកិច្ចអន្តរាគមន៍ សង្គ្រោះ ដល់ប្រជាពលរដ្ឋ រងគ្រោះដោយក្នុងហេតុការណ៍មួយដែលអាចកើតមានឡើងជាចៃដន្យ រងគ្រោះដោយគ្រោះធម្មជាតិ ជាដើមទូទាំងខេត្ត ។
ឯកឧត្តមសេនីយ៍ស្នងការ បានបន្តមានប្រសាសន៍ថា កងកម្លាំងនគរបាលទូទាំងខេត្តកោះកុង បានត្រៀមលក្ខណ:រួចជាស្រេច ក្នុងការបំពេញភារកិច្ច ថែរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយជូនសង្គមជាតិ និងប្រជាពលរដ្ឋ ដើម្បីប្រឆាំងដាច់ខាត់ចំពោះ ឧបាយកល ក្រុមឧទ្ទាមប្រឆាំងក្រៅច្បាប់មួយចំនួន ដែល​មានបំណងបង្កចលាចល ដើម្បីផ្ដួលរំលំ បំផ្លិចបំផ្លាញរដ្ឋាភិបាលស្របច្បាប់។ ក្នុងនាមកងកម្លាំងប្រដាប់អាវុធការពារ ដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ និងការពារដាច់ខាត់រាជរដ្ឋាភិបាលស្របច្បាប់ ដែលចេញពីការបោះឆ្នោត ហើយការពារឲ្យបានសន្តិភាពរបស់​ព្រះរាជាណាចក្រកម្ពុជា យើងដែលកំពុងតែមានការអភិវឌ្ឍ រីកចម្រើនជាបន្តបន្ទាប់ផងដែរ ៕